Aum Atichart បោះសម្តីត្រង់ៗភ្លាមៗ ក្រោយឃើញភរិយាផ្អែមល្ហែមជាមួយសង្សារចាស់
ប្រិយមិត្តខ្លះប្រាកដជាបានជ្រាបមកហើយពីទំនាក់ទំនងរវាងតារាចម្រៀងស្រី Nat Myria និង តារាចម្រៀងប្រុស Tao Somchai ដោយមុនក្លាយជាមិត្តនឹងគ្នាដូចពេលនេះ តាមពិតតារាប្រុសស្រីទាំងពីរធ្លាប់ជាគូសង្សារជាមួយគ្នាផងដែរ។
សម្រាប់តារាស្រី Nat Myria ក៏មិនបានរស់នៅជាមួយអតីតកាលដែរ ពោលគឺនាងបានរៀបការសាងគ្រួសារជាមួយតារាប្រុសសាច់ដុំ Aum Atichart អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយថ្វីដ្បិតតែរៀបការយូរមិនទាន់មានទាយាទស្នងត្រកូល តែស្វាមីភរិយាទាំងពីរផ្អែមល្ហែមមិនចាញ់យុវវ័យឡើយ។
ដោយឡែក ថ្មីៗនេះមហាជនភ្ញាក់ផ្អើលមិនតិចទេ ក្រោយបានឃើញតារាចម្រៀង Tao Somchai ច្រៀងរួមជាមួយ Nat Myri ដែលជាអតីតសង្សារមានភាពស្និទ្ធស្នាលខ្លាំង រហូតធ្វើឱ្យមហាជនចង់ដឹងថា តើ Aum Atichart មានអារម្មណ៍បែបណាពេលឃើញភរិយាស្និទ្ធស្នាលជាមួយសង្សារចាស់។
យ៉ាងណាមិញ ខណៈអ្នកគាំទ្រចង់ដឹង ពេលនេះ Aum Atichart បាននិយាយថា ៖ «ក្រោយខ្ញុំឃើញហើយ ខ្ញុំគិតថាវាជាការល្អដែលអ្នកទាំងពីរនៅតែរក្សាមិត្តភាពល្អជាមួយគ្នា ព្រោះក្នុងជីវិតមនុស្សយើងម្នាក់ៗតែងមានការប្រែប្រួលជានិច្ច ដូច្នេះអ្វីដែលសំខាន់បំផុតគឺ ក្តីមេត្តា ការគិតល្អចំពោះគ្នា ហ្នឹងហើយជាអ្វីដែលមនុស្សយើងគួរតែមាន»៕