Great ទម្លាយច្បាស់ៗ ក្រោយល្បីព័ត៌មានថាមានសង្សារលួចលាក់មិនព្រមបង្ហាញមុខ
កំពូលតារាសម្ដែងប្រុស Great Warinthorn ជាតារាសម្ដែងម្នាក់ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ មានឈ្មោះបោះសំឡេងពេញពិភពសិល្បៈថៃ តែបើនិយាយពីជីវិតស្នេហាហាក់ដូចជាឯកាបន្តិច ដោយមកទល់ពេលនេះហើយលោកនៅមិនទាន់បានបង្ហើបថាមាននារីណាម្នាក់ក្នុងចិត្តនៅឡើយទេ ខណៈដែលមិត្តភក្តិរួមជំនាន់ជាមួយលោកភាគច្រើនគេមានសង្សារ និង រៀបការមានគ្រួសារ មានកូនស្ទើរតែអស់ទៅហើយនោះ។
អាចនិយាយបានថា Great ជាបុរសបេះដូងដែកនៅក្នុងរង្វង់សិល្បៈថៃមួយរូប ដោយមិនងាយបើកបេះដូងទទួលយកនារីណាម្នាក់ងាយៗនោះឡើយ ទាំងដែលកន្លងមកលោកត្រូវបានអ្នកគាំទ្រចាប់ផ្គូផ្គងជាមួយនឹងតារាស្រីក្នុងរង្វង់សិល្បៈថៃជាច្រើននាក់ហើយក៏ដោយ។
ដោយឡែក ថ្មីៗនេះ អ្នកកំលោះ Boy Pakorn ស្រាប់តែធ្លោយមាត់ថា Great ជាមិត្តភក្តិលាក់បំពួនមិនបើកបង្ហាញមុខសង្សារឱ្យមហាជនដឹង។ ទន្ទឹមនឹងការបង្ហើបបែបនេះបានធ្វើឱ្យមហាជនហាក់នៅមិនសុខចង់ដឹងការពិតពីតារាប្រុស Great ជាខ្លាំងថាពិតដូចដែល Boy ទម្លាយមែនឬអត់?
ងាកទៅមើលកំលោះ Great ខណៈដែលផ្ទុះរឿងលាក់រឿងសង្សារនេះភ្លាម លោកក៏បានប្រញាប់ចេញមកបកស្រាយការពិតថា ៖ «នៅពេលនេះលោកមិនទាន់មានគូស្នេហ៍នោះទេ ធានាថាទំនេរ ១០០ ភាគរយ បើថាលាក់បំពួនមិនបង្ហាញក៏មិនពិតដែរព្រោះមិនមានសង្សារពិតមែន»៕