ទីបំផុត Bright សម្រេចចិត្តចាកចេញពី GMMTV ហើយឆ្លៀតបកស្រាយរឿងស្និទ្ធស្នាលនឹងអ្នកចាត់ការទៀត
ខណៈនេះមិនថាអ្នកគាំទ្រក្នុង និង ក្រៅប្រទេសនោះទេ ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកកំលោះ Bright Vachirawit ប្រកាសដកខ្លួនចេញពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍ GMMTV ក្រោយពីអស់កុងត្រាជាមួយនឹងក្រុមហ៊ុន។
តារាប្រុស Bright Vachirawit ជាតារាសម្ដែងម្នាក់ដែលមានឈ្មោះល្បីល្បាញចេញពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍ GMMTV តែពេលនេះអ្នកកំលោះ Bright បានសម្រេចចិត្តមិនបន្តកុងត្រាទៀតទេ។ យ៉ាងណាមិញ បើតាមការទម្លាយមូលហេតុរបស់ Bright បានឱ្យដឹងថា ៖ «ពេលនេះលោកកំពុងតែចាប់ផ្តើមជីវិតដោយការរកស៊ី ព្រោះលោកកំពុងតែបើកក្រុមហ៊ុនផ្ទាល់ខ្លួនដែលជាក្រុមហ៊ុនទាក់ទងនឹងផ្នែកសិល្បៈ។ លោកពិតជាអរគុណចំពោះ GMMTV ណាស់ ព្រោះបើគ្មាន GMMTV ទេ ក៏គ្មានវត្តមាន Bright ដូចសព្វថ្ងៃនេះដែរ»។
លើសពីនោះ អ្នកកំលោះ Bright ក៏បានបកស្រាយរឿងរ៉ាវដែលមហាជនសង្ស័យលោក និង អ្នកចាត់ការស្និទ្ធស្នាលគ្នាទៀតថា ៖ «ទំនាក់ទំនងលោក និង អ្នកចាត់ការគឺត្រឹមតែអ្នករួមការងារជាមួយគ្នាតែប៉ុណ្ណោះ វាមិនមែនជារឿងដូចដែលបងប្អូនយល់ឃើញនោះទេ។ មនុស្សគ្រប់គ្នាដែលនៅក្បែរលោកគឺសុទ្ធតែស្និទ្ធស្នាលដូចជាមិត្តភក្តិ និង ក្រុមគ្រួសារដែរ»៕