ជី ឈីងលីន ចៅស្រី នាយកុយ សំងំយំ និង ពោលយ៉ាងក្តុកក្តួលរឿងគេមើលងាយតាំងពីតូចដល់ពេញវ័យ
មហាជនអ្នកធ្លាប់តាមដានភាពយន្តភាគរឿង «ផ្កាថ្ម» ច្បាស់ជាធ្លាប់បានឃើញមកហើយពីសមត្ថភាពនៃការសម្តែងរបស់តួអង្គរងពេលជាកុមារី ដែលសម្តែងដោយកុមារី ជី ឈីងលីន ដែលជាចៅស្រីរបស់តារាកំប្លែងជើងចាស់ នាយកុយ។
ធ្មេចបើកៗមកដល់ពេល ជី ឈីងលីន ចាប់ផ្តើមធំពេញរូបពេញរាង ក្លាយទៅជានារីដ៏ស្រស់សោភាម្នាក់ ដោយក្តោបបានតំណែង BA ជាច្រើនសម្រាប់ផលិតផលថែសម្រស់ផ្សេងៗជាច្រើន និង កំពុងទទួលបានការចាប់អារម្មណ៍លើអាជីពសិល្បៈរបស់នាងទៀតផង។
យ៉ាងណា ថ្មីៗនេះ ឈីងលីន បានបង្ហោះសារជាបន្តបន្ទាប់បង្ហាញអារម្មណ៍បាក់ទឹកចិត្ត ដោយលើកឡើងថា នាងត្រូវបានគេមើលងាយតាំងពីតូចរហូតដល់ពេញវ័យ។
ក្នុងនោះ គេបានដឹងថា ដើមហេតុធ្វើឱ្យតារាស្រីវ័យក្មេង ឈីងលីន បានបង្ហោះសារ និង វីដេអូយំខ្សឹកខ្សួលនោះ ក្រោយពីនាងបានបង្ហោះវីដេអូ Review ផលិតផលថែសម្រស់ និង បានបញ្ចេញដើមទ្រូងបន្តិច រហូតមានអ្នកចូលទៅបញ្ចេញមតិមិនឱ្យតម្លៃនាង រហូតហៅនាងថា «SP (សំភឹង)» ទៀតផង។
ក្រោយបង្ហាញអារម្មណ៍បាក់ទឹកចិត្តពេលទទួលបានពាក្យមើលងាយ មិនឱ្យតម្លៃនោះ ជី ឈីងលីន ក៏ត្រូវបានមហាជនអ្នកគាំទ្របានចូលទៅបញ្ចេញមតិលើកទឹកចិត្តដល់តារាស្រីរូបនេះ និង បង្ហាញពីការគាំទ្រទេពកោសល្យសិល្បៈរបស់នាងជាហូរហែផងដែរ៕