សាយ ដាក់ចំៗថា Uncle Roger មិនត្រឹមប្រើសម្តីមិនសមរម្យដល់ខ្មែរ និង ឡាវទេ សូម្បីជាតិខ្លួនឯងក៏យកទៅលេងសើចដែរ
ក្នុងរយៈពេលចុងក្រោយនេះ មហាជនអ្នកនិយមលេងបណ្ដាញសង្គមជាច្រើន ទាំងហ្វេសប៊ុក និង TikTok ហាក់បង្ហាញការមិនពេញចិត្តជាខ្លាំង ក្រោយបានឃើញវីដេអូបង្ហោះមួយរបស់ លោក Nigel Ng ដែលជាជនជាតិម៉ាឡេស៊ី ត្រូវបានគេស្គាល់ជាទូទៅថា «Uncle Roger» បាននិយាយប្រើពាក្យសម្ដីមិនសមរម្យ ចំពោះមុខម្ហូបរបស់ប្រទេសកម្ពុជា និង ប្រទេសឡាវ។
ក្នុងនោះ Youtuber ឈ្នោះ Uncle Roger ត្រូវបានមហាជនអ្នកនិយមលេងបណ្ដាញផ្សព្វផ្សាយសង្គមទាំងក្នុងប្រទេសកម្ពុជា និង ប្រទេសឡាវ ខឹងសម្បារ បង្ហាញការមិនពេញចិត្ត និង ខកចិត្តជាខ្លាំង ក្រោយរូបលោក បានធ្វើវីដេអូធ្វើម្ហូបមួយក្នុង YouTube ដោយបាននិយាយថា «មិនមែនម្ហូបមកពីអាស៊ីអាគ្នេយ៍ទាំងអស់សុទ្ធតែល្អទេ។ អ្នកប្រាកដជាមិនចង់ភ្លក់ម្ហូបមកពីកម្ពុជា និង ឡាវទេ»។ មិនតែប៉ុណ្ណោះ លោកបាននិយាយបន្ថែមទៀតថា ៖ «ម្ហូបឡាវ ប្រៀបដូចម្ហូបអន់បំផុតក្នុងបែបបទថៃ»។
ក្រោយពីវីដេអូ ប្រើប្រាស់ពាក្យសម្ដីមិនសមរម្យមកកាន់មុខម្ហូបរបស់ប្រទេសកម្ពុជា និង ប្រទេសឡាវ នោះត្រូវបានបង្ហោះចែកចាយពាសពេញ តារាចម្រៀង Original Song លោក សាយ ដែលជាកូនកាត់ខ្មែរ-ឡាវ នោះ ក៏បានចែករំលែកវីដេអូមួយ អមដោយ Caption លើកឡើងពី «Uncle Roger» ថា៖ «ការពិត គាត់ភ្លេចកំណើតតាំងពីយូរហើយ (6:22) ហើយគាត់គិតថា គាត់និយាយអីក៏កំប្លែងដែរ។ Bro នេះ! មិនមែនអសីលធម៌តែចំពោះឡាវ និង កម្ពុជាទេ សូម្បីតែជាតិសាសន៍ដើមរបស់ខ្លួនឯងក៏យកមកលេងសើចដែរ»។
គួរបន្ថែមថា នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ ក្រសួងទេសចរណ៍ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ក្រសួងទេសចរណ៍ មានការសោកស្តាយយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្តាញសង្គម Channel YouTube ឈ្មោះថា Nigel Ng ដែលចុះផ្សាយកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ មានចំណងជើងថា Uncle Roger Make Adobo»៕