(វីដេអូ) កូនឈ្នះបានលំដាប់រងទី ៣ ភ្លាម ស្រីអ៊ីត ម្តាយ ណានណាន ទម្លាយអារម្មណ៍ដ៏រំជួលនេះដល់កូនស្រីភ្លែត
កម្មវិធីប្រកួតសម្រស់ Miss Teen International Cambodia 2023 បានប្រកាសរកឃើញជ័យលាភីគ្រងមកុដហើយកាលពីរាត្រីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣ ដោយជ័យលាភីលេខ ១ បានទៅលើស្រីស្អាត លី មួយលាង មានទាំងរូបសម្រស់ និង ចំណេះដឹងដាច់គេ។
ងាកមកកូនស្រីតារាកំប្លែង ស្រីអ៊ីត គឺកញ្ញា ង៉ា ស្រីណាន ដែលជាបេក្ខភាពប្រកួតក្នុងកម្មវិធីមួយនេះវិញ ដ្បិតថាកញ្ញាធ្វើឱ្យរបូតមកុដលេខ ១ ក៏ពិតមែន ប៉ុន្ដែ ស្រីណាន ក៏ក្ដោបបានតំណែង 3rd runner up ក្នុងកម្មវិធីប្រកួតសម្រស់មួយនេះដែរ ដោយភាពជោគជ័យក្នុងការឈានជើងប្រឡូកក្នុងវិស័យបវរកញ្ញារបស់ ស្រីណាន អាចចាត់ទុកជាបទពិសោធដ៏ល្អមួយសម្រាប់នាង។
ក្រោយពីកូនស្រីមិនអាចដណ្តើមបានមកុដឯក បានត្រឹមលំដាប់រងទី ៣ ក៏ពិតមែន តារាកំប្លែង ស្រីអ៊ីត ហាក់បង្ហាញអារម្មណ៍រំភើបចិត្ត និង មោទកភាពយ៉ាងខ្លាំងនូវសមិទ្ធផលថ្មីរបស់កូនស្រីយ៉ាងខ្លាំង។ ក្នុងនោះ អ្នកនាង ស្រីអ៊ីត បានរៀបរាប់ថា ៖ «កូនស្រីម្ដាយ ទម្រាំតែកូនដើរដល់ចំណុចនេះ មិនមែនជារឿងមួយដែលងាយស្រួលទេ! កូនធ្វើបានល្អហើយ ម៉ាក់ពិតជាសប្បាយចិត្តខ្លាំងណាស់កូនចំណាត់ថ្នាក់លេខ ៣ ល្អហើយកូនម្ដាយ។ នាងខ្ញុំសូមអរគុណដល់លោកគ្រូ អ្នកគ្រូ ក្រុមការងារទាំងអស់ ពុកម៉ែបងប្អូន កូនក្មួយ លោកយាយ លោកតា ហ្វេនៗ ដែលបានស្រលាញ់គាំទ្រកូនស្រីនាងខ្ញុំ ណាន ណាន។ សូមជូនពរសុខសប្បាយ ហេងហេងទាំងអស់គ្នា»៕
រូបភាព៖ MrrBlack-Photo