(វីដេអូ) យូរហើយទើបចាប់អារម្មណ៍! ចម្រៀងកាយវិការ «ស្នេហាលើអាកាស» ជំនាន់មុន ដូចថតក្នុងឡានក្រុងមិនមែនក្នុងយន្តហោះដូចចំណងជើង
ប្រិយមិត្តបានដឹងហើយថា កាលពីជំនាន់ចុងឆ្នាំ ១៩៩៩ ដល់ដើមឆ្នាំ ២០០០ នៅពុំទាន់មានអ៊ីនធើណែតទូលំទូលាយអ្វីឡើយ ដោយការទស្សនាកម្សាន្តដ៏ពេញនិយមនានានៅពេលនោះ គឺការទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ ហើយបើចង់ច្រៀងលេងគឺមានតែតាមខារ៉ាអូខេតាមផ្ទះ និង ហាងបៀរកាឌិននានាប៉ុណ្ណោះ ដែលជាអនុស្សាវរីយ៍ពុំអាចបំភ្លេចបានមួយ។
ពិតណាស់ បើនិយាយពីចម្រៀងកាយវិការខារ៉ាអូខេ មានចម្រៀងជាច្រើនបានទទួលការចាប់អារម្មណ៍ និង ច្រៀងលេងកម្សាន្ត ដែលជំនាន់នោះមានតារាល្បីៗជាច្រើនដូចជា ទេព រិន្ទដារ៉ូ យុត្ថារ៉ា ឆានី ចាន់ តារាទី អម្ពរ ទេវី និង តារាល្បីៗមួយចំនួនទៀត ជាដើម ដែលតារាទាំងនោះបានសម្តែងយ៉ាងគួរឱ្យក្នាញ់ និង ទាក់ទាញខ្លាំង សម្រាប់មហាជនដែលទស្សនា។
យ៉ាងណាមិញ ក្នុងចំណោមចម្រៀងកាយវិការ និង ការសម្តែងទាំងនោះ ថ្មីៗមានការចាប់អារម្មណ៍មួយទៅលើវីដេអូចម្រៀងកាយវិការមានចំណងជើង «ស្នេហាលើអាកាស» ដែលចម្រៀងមួយបទនេះបានរៀបរាប់ពីរឿងរ៉ាវស្នេហានៅលើយន្តហោះ។ អ្វីដែលគេចាប់អារម្មណ៍នៅក្នុងចម្រៀងកាយវិការមួយបទនេះ គឺជាការរៀបចំប្លង់ថតសម្តែងក្នុងចម្រៀងនេះពីអ្នកដឹកនាំ ដោយត្រូវបានមហាជនក្នុងសម័យនេះទើបចាប់អារម្មណ៍ឃើញថា បតចម្រៀងរៀបរាប់ពីស្នេហានៅលើយន្តហោះ តែប្លងថតបែរជាឃើញនៅលើឡានក្រុង ដែលមានការតុបតែងសណ្ឋានដូចយន្តហោះ ដែលនេះជាកំណិតច្នៃប្រឌិតមួយយ៉ាងល្អពីអ្នកដឹកនាំ។
ការសង្កេតឃើញបែនេះក្នុងពេលបច្ចុប្បន្ន បានធ្វើឱ្យមហាជនមួយចំនួននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ផ្ទុះការវែកញែកគ្នាជាបន្តបន្ទាប់ ក្រោយបានឃើញវីដេអូចម្រៀងកាយវិការមួយបទនេះ។ គួរឱ្យដឹងដែរថា វីដេអូចម្រៀងកាយវិការមួយនេះ គឺសម្តែងដោយតារាប្រជ្រុយឆ្វាក់ស្នេហ៍ ទេព រិន្ទដារ៉ូ និង អ្នកនាង អម្ពរ ទេវី៕