ប្រពន្ធ នាយពាក់មី ផុតគ្រោះថ្នាក់ហើយ មុននេះបានចេញពីបន្ទប់ ICU ក្រោយគេសង្រ្គោះបន្ទាន់អស់ ៣ ថ្ងៃ
មុននេះ លើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាកំប្លែងប្រុស ពាក់មី បានបង្ហោះជាថ្មីប្រាប់ពីស្ថានភាពជំងឺរបស់ភរិយា ដោយបន្ទាប់ពីចូលបន្ទប់សង្គ្រោះបន្ទាន់អស់រយៈពេល ៣ ថ្ងៃ ដោយសារមានបញ្ហាសុខភាពក្រោយព្យួរសេរ៉ូមឱ្យសាច់សនៅមជ្ឈមណ្ឌលកែសម្ផស្សមួយកន្លែងនោះ ពេលនេះភរិយារបស់លោកបានធូរស្បើយ និង ចេញពីបន្ទប់សង្រ្គោះបន្ទាន់ហើយ។
ក្នុងនោះ នាយ ពាក់មី បានបង្ហោះរូបភាពភរិយាចេញពីបន្ទប់សង្រ្គោះបន្ទាន់ និង មានសភាពទឹកមុខស្រស់បស់វិញដោយភ្ជាប់ជាមួយសារថា ៖ «បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ ICU ហើយបងប្អូន បន្ទាប់ពីនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អស់ ៣ ថ្ងៃ អរគុណបងប្អូនដែលជូនពរប្រពន្ធខ្ញុំ ខ្ញុំកំពុងចាំដំណឹងពីសមត្ថកិច្ច»។
ក្រោយទទួលដំណឹងនេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈបានចែករំលែក និង សរសេរសារជូនពរដល់ភរិយារបស់ នាយ ពាក់មី ឆាប់ជាសះស្បើយពីជំងឺផងដែរ៕