ក្តីសុខពេញទី! កូន ៣ នាក់ហើយ តែប្តីប្រពន្ធខុសវ័យ Kevin Cheng និង Grace Chen នៅតែផ្អែមល្ហែមដាក់គ្នាគួរឱ្យស្រឡាញ់
បើនិយាយដល់គ្រួសារដ៏មានសុភមង្គលរបស់តារាហុងកុង គឺពិតជាប្រិយមិត្តនឹកឃើញដល់គូរបស់ Kevin Cheng និង Grace Chen មុនជាមិនខាន ដោយប្តី-ប្រពន្ធមួយគូតែងត្រូវបានទស្សនិកជន ក៏ដូចជាក្រុមអ្នកគាំទ្ររបស់ពួកគេកោតសរសើរខ្លាំង ចាប់តាំងពីអ្នកទាំងពីរសម្រេចចាប់ដៃគ្នាសាងគ្រួសាររៀបការនៅឆ្នាំ ២០១៨។
ថ្វីដ្បិតថា Kevin Cheng និង Grace Chen មានខុសវ័យគ្នាជាង ២០ ឆ្នាំក៏ពិតមែន ប៉ុន្តែមើលទៅសុភមង្គលក្នុងគ្រួសាររបស់ពួកគេ ពិតជាមានភាពផ្អែមល្ហែមខ្លាំង គិតមកដល់ពេលនេះអ្នកទាំងពីរបានរៀបការ ៥ ឆ្នាំមកហើយ ព្រមទាំងមានកូនប្រុស ៣ នាក់ ជាចំណងដៃពីអាពាហ៍ពិពាហ៍ផងដែរ។
ទោះជាយ៉ាងណា ថ្មីៗនេះមហាជនជាច្រើនកាន់តែមានការចាប់អារម្មណ៍ខ្លាំង នៅពេលដែលបានឃើញតារាស្រីរូបនេះ បង្ហោះរូបថតគូប៉ុន្មានសន្លឹកជាមួយស្វាមីរបស់នាងយ៉ាងផ្អែមល្ហែមប្រៀបដូចទើបស្នេហាលើកដំបូង។
ជាហេតុដែលធ្វើឱ្យអ្នកនិយមលេងក្នុងបណ្តាញសង្គម Instagram ម្នាក់ៗលួចច្រណែននៅមិនសុខក្នុងចិត្ត ក៏ព្រោះថាមើលទៅរូបថតសន្លឹកនីមួយៗរបស់ពួកគេដូចជាឈុតឆាកស្នេហាអង្រួនចិត្តអ្នកគាំទ្រឱ្យវង្វេងទៅតាមតួអង្គយ៉ាងស្អិតរមួត៕