អីយ៉ាស់! Jung Haein គូស្នេហ៍ក្នុងរឿង «Snowdrop» របស់ Jisoo និយាយចាក់ដោត ក្រោយដឹងថានាងមានស្នេហា
នាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ ផលិតកម្ម YG របស់ស្រីស្រស់ Jisoo និង ផលិតកម្ម FN Agency របស់តារាប្រុស Ahn Bo Hyun បានប្រកាសឱ្យដឹងថា តារាក្នុងទ្រនំរបស់ពួកគេទាំង ២ រូបនេះ កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នា ដែលបានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បើតាមសារព័ត៌មាន Dispatch បានទម្លាយឱ្យដឹងដែរថា ពួកគេទាំងពីរបានទាក់ទងគ្នាតាំងពីខែឧសភា ក្នុងឆ្នាំ ២០២៣ មកម្ល៉េះ។ មិនតែប៉ុណ្ណោះ គេក៏បង្ហាញភស្តុតាងជាច្រើន ដោយមានទាំងរូបភាព ព្រមទាំងវីដេអូ ដែលគូស្នេហ៍ទាំងពីរកំពុងតែបណ្តើរ និង ជួបគ្នានៅខុនដូរបស់ Jisoo ផងដែរ។
ទាក់ទងនឹងរឿងទំនាក់ទំនងស្នេហារបស់កំពូលតារាស្រីរូបនេះដែរ លោក Jung Haein ដែលជាគូស្នេហ៍ក្នុងរឿងរបស់នាងបានផ្ដល់បទសម្ភាសយ៉ាងចាក់ដោត ដោយលោកបាននិយាយថា ៖ «លោកមានការភ្ញាក់ផ្អើលនៅពេលដែលបានឃើញនៅលើទំព័រមុខក្នុងទំព័រកម្សាន្តរបស់សារព័ត៌មាន Naver»។
មិនតែប៉ុណ្ណោះ លោកក៏មិនធ្លាប់បានដឹងពីមុនមកដែរថា Jisoo និង Bohyun កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នានោះទេ ដោយតួប្រុសក្នុងរឿង «Snowdrop» រូបនេះបាននិយាយថា ៖ «ខ្ញុំពិតជាមិនធ្លាប់បានដឹងពីមុនមកមែន។ ខ្ញុំក៏ជាសិល្បករមួយរូបផងដែរ ប៉ុន្តែតាមពិតទៅខ្ញុំកម្រនឹងចាប់អារម្មណ៍នឹងការណាត់ជួបគ្នារបស់សិល្បករណាម្នាក់ណាស់ ព្រោះជារឿងផ្ទាល់ខ្លួនរបស់ពួកគេ»។ លើសពីនេះទៅទៀតនោះ Jung Haein ក៏បានជូនពរពួកគេទាំងពីរឱ្យមានសុខភាពល្អ និង មានក្តីស្រឡាញ់ដ៏ផ្អែមល្ហែម៕