ញាក់សាច់! Taylor Swift ឱ្យរង្វាន់ដល់តៃកុងឡានដឹកអីវ៉ាន់ក្នុងការប្រគំតន្ត្រី Eras Tour ម្នាក់ៗបាន ១០ ម៉ឺនដុល្លារ
ថ្មីៗនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយបរទេស TMZ បានឱ្យដឹងថា កំពូលតារាចម្រៀងស្រីលំដាប់ពិភពលោក Taylor Swift បានផ្ដល់រង្វាន់លើកទឹកចិត្តជាសាច់ប្រាក់ដល់តៃកុងឡាន ដែលបានបើកឡានដឹកទំនិញសម្រាប់ការប្រគំតន្រ្តី Eras Tour របស់នាងជុំវិញសហរដ្ឋអាមេរិកក្នុងមួយនាក់ ១០ ម៉ឺនដុល្លារ។
តាមប្រភពដដែលបានឱ្យដឹងថា មានបុគ្គលិកបើកឡានដឹកទំនិញប្រមាណជា ៥០ នាក់ ដែលបានធ្វើការជាមួយនាង សម្រាប់ការប្រគំតន្ត្រីមួយនេះ នៅសហរដ្ឋអាមេរិកទាំងមូល។ បើសរុបជាសាច់ប្រាក់សរុប នាងបានចំណាយដល់ទៅជាង ៥ លានដុល្លារឯណោះ សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្តដល់តៃកុងឡាននេះ។
គួរឱ្យដឹងផងដែរថា នេះមិនមែនជាលើកដំបូងឡើយ ដែលកំពូលតារាចម្រៀងស្រីរូបនេះហូតលុយផ្ទាល់ខ្លួន បន្ថែមជា Bonus ឱ្យទៅបុគ្គលិកដែលបានរួមការងារជាមួយនាងបែបនេះ ជាក់ស្ដែង កាលពីមុន នាងក៏ធ្លាប់ផ្ដល់ប្រាក់លើកទឹកចិត្តដល់បុគ្គលិកផ្សេងទៀត ដែលមានដូចជាសមាជិកក្រុមតន្រ្តី អ្នករាំ អ្នកបច្ចេកទេសពន្លឺ និង សំឡេង ព្រមទាំងអ្នកនៅផ្នែកខាងម្ហូបអាហារជាដើម៕