ម្ចាស់មកុដ MGC ២ ជំនាន់ ក្លាយជាគណៈកម្មការដាក់ពិន្ទុ ក្នុងកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២៣
នៅពេលនេះ កម្មវិធីប្រកួតសម្រស់បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០២៣ កំពុងតែបើកឆាកប្រកួតយ៉ាងស្វិតស្វាញហើយ ក្រោយប្រកាសបើកការប្រកួតជាផ្លូវការ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ដោយមានបេក្ខភាពចំនួន ៣៥ នាក់ចូលរួម។
ក្នុងឆ្នាំនេះ កម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា គឺរៀបចំឡើងដោយក្រុមហ៊ុនមហាហង្ស ដែលជាអតីតស្ថាប័នរៀបចំការប្រកួតកម្មវិធី Miss Grand Cambodia ៣ ជំនាន់ ចាប់ពីឆ្នាំ ២០២០ ដល់ ២០២២ ហើយពេលនេះក្រុមហ៊ុនដដែលនេះ កំពុងតែទទួលបានសិទ្ធិរៀបចំការប្រកួតកម្មវិធី Miss Universe Cambodia ម្តង។
យ៉ាងណាមិញ កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ផេកផ្លូវការនៃកម្មវិធី Miss Universe Cambodia បានចេញមកបង្ហាញសមាសភាពគណៈកម្មការដាក់ពិន្ទុ ដើម្បីស្វែងរកម្ចាស់មកុដ ដោយក្នុងនោះគេឃើញមានម្ចាស់មកុដ Miss Grand Cambodia ២ រូប ជាគណៈកម្មការផងដែរ គឺកញ្ញា លីវ ជីលី ម្ចាស់មកុដឆ្នាំ ២០២០ និង កញ្ញា ប៉ូគឹមថេង សុតធីតា ម្ចាស់មកុដឆ្នាំ ២០២១។ ជាមួយនឹងម្ចាស់មកុដ MGC ទាំងពីរជំនាន់ កា្លយជាគណៈកម្មការដាក់ពិន្ទុនេះ គេសង្ឃឹមថានឹងអាចរើសបានគ្រាប់ពេជ្រដ៏ល្អ ដែលអាចតំណាងឱកម្ពុជា បង្ហាញសមត្ថភាពលើឆាកអន្តរជាតិខាងមុខនេះ៕