កក្រើកហើយ! Polarix នឹងតំណាងកម្ពុជា ចូលរួមសម្តែងក្នុងកម្មវិធីមហោស្រពតន្ត្រីនៅសិង្ហបុរីឆាប់ៗនេះ
ជារឿងគួរឱ្យរំភើប និង មានមោទកភាពបំផុតសម្រាប់វិស័យតន្ត្រីរបស់ប្រទេសកម្ពុជា ដែលមួយរយៈចុងក្រោយនេះ មហាជនអ្នកគាំទ្រវិស័យសិល្បៈក្នុងប្រទេស សង្កេតឃើញថា សិល្បករ សិល្បការិនីពោរពេញដោយសមត្ថភាពជាច្រើនរូប បានមានឱកាសចេញទៅសម្តែងនៅឯក្រៅប្រទេសជាបន្តបន្ទាប់។
ជាក់ស្ដែង នៅក្នុងថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣ នេះ យោងតាមគណនីផេកផលិតកម្ម បារមី បានបង្ហើបថា ក្រុមចម្រៀង Polarix នឹងក្លាយជាសិល្បករតំណាងឱ្យប្រទេសកម្ពុជា ចូលរួមសម្តែងនៅក្នុងកម្មវិធីមហោស្រពតន្ត្រី AXEAN FESTIVAL 2023 នៅប្រទេសសិង្ហបុរី នាថ្ងៃទី ២៨ និង ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២៣ ខាងមុខនេះ។
គួរឱ្យដឹងផងដែរថា ក្រុមចម្រៀង Polarix គឺជាក្រុមចម្រៀងមួយ ដែលស្ថិតក្រោមទ្រនំរបស់ផលិតកម្ម «បារមី» ដែលមានសមាជិក ២ រូបគឺលោក Norith និង លោក Juvie Lin។ សមាជិកទាំង ២ រូបនេះ មិនត្រឹមតែមានសមត្ថភាពក្នុងការច្រៀងតែប៉ុណ្ណោះនោះទេ ពួកគេថែមទាំងមានទេពកោសល្យខ្ពស់ក្នុងការនិពន្ធទំនុកច្រៀង និង ការរាំផងដែរ។
ជាមួយគ្នានោះ បទចម្រៀងរបស់ពួកគេជាច្រើនបទ ជាពិសេសគឺបទចម្រៀងមានចំណងជើងថា «Follow ma dance», បទចម្រៀង «ចាបុី» និង បទចម្រៀង «Maybe» ច្រៀងរួមគ្នាជាមួយនឹងតារាស្រី Sophia Kao មានសន្ទុះនៃការគាំទ្រពីសំណាក់អ្នកគាំទ្ររបស់ពួកគេជាខ្លាំងគួរឱ្យកត់សម្គាល់៕