បុរសល្បីចូលចិត្តឡើងឈរថតលើកំពូលអគារខ្ពស់ៗ ឥលូវអស់បុណ្យហើយ ព្រោះភ្លាត់ស្នៀតធ្លាក់
បុរសសញ្ជាតិបារាំងម្នាក់ ដែលគេស្គាល់ថា ជាអ្នកចូលចិត្តវារឡើងអគារខ្ពស់ៗឈ្មោះ Remi Lucidi ត្រូវបានគេប្រទះឃើញស្លាប់នៅក្រុងហុងកុង ដោយគេជឿជាក់ថា បានធ្លាក់ចុះពីលើអគារដ៏ខ្ពស់ ខណៈរូបលោកព្យាយាមវារឡើងដើម្បីថតនោះ។
បើតាមការបញ្ជាក់ពីប៉ូលិសនៅហុងកុង បានឱ្យដឹងថា សាកសពរបស់បុរសវ័យ ៣០ ឆ្នាំខាងលើនេះ ត្រូវបានប្រទះឃើញនៅក្រៅអាផាតមិនមួយកន្លែងនាតំបន់ Mid-Levels ដោយការស៊ើបអង្កេតដំបូង ជឿជាក់ថា បុរសរូបនេះ គឺស្លាប់ដោយការធ្លាក់ចុះពីទីខ្ពស់។
ប៉ូលិសបានឱ្យដឹងទៀតថា មុនកើតហេតុ បុរសរូបនេះ បានចូលក្នុងអគារអាផាតមិននោះ ដោយប្រាប់សន្តិសុខថា រូបលោកទៅលេងមិត្តភក្តិនៅជាន់ទី ៤០ ប៉ុន្តែរូបគេបែរជាជិះជណ្ដើរយន្តឡើងទៅជាន់ទី ៤៩ វិញ ហើយថែមឡើងជណ្តើរជើងទៅដល់ជាន់បង្អស់ទៀតផង។ ប៉ូលិសបន្ថែមទៀតថា នៅវេលាម៉ោងប្រមាណ ៧ និង ៣០ នាទីយប់ (ពេលវេលាក្នុងតំបន់) Remi បានគោះកញ្ជក់បង្អួចអគារនៅជាន់ទី ៦៨ សុំចូលអគារនោះ ប៉ុន្តែបុគ្គលិកក្នុងនោះ មានការសង្ស័យ ហើយក៏មិនព្រមបើកឱ្យចូលឡើយ។
ក្រោយមកទៀត ប៉ូលិសក៏ត្រូវបានខាងសន្តិសុខទូរស័ព្ទមកប្រាប់ថា មានការធ្លាយហ្គាសនៅអគារ ហើយពេលប៉ូលិសទៅដល់ ក៏ប្រទះឃើញសពបុរសរូបនោះតែម្តង។ ដំណឹងមរណភាពនៃបុគ្គលល្បីតាមបណ្ដាញសង្គមមួយនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់លោកសោកស្ដាយ និង ចូលរួមរំលែកទុក្ខគ្រប់ៗគ្នា៕