(វីដេអូ) បាត់មុខពីវិស័យកុនយូរ ឌុច សុភា មុខមាត់នៅស្អាតខ្ញង់មិនប្រែ អ្នកគាំទ្រលាន់មាត់នឹករឭកព្រាត
ប្រិយមិត្តដែលជាអ្នកតាមដានវិស័យភាពយន្តនៅកម្ពុជា ប្រាកដជាស្គាល់តួឯកស្រីដ៏ល្បីល្បាញ អ្នកនាង ឌុច សុភា ច្បាស់ដូចថ្ងៃ ដោយកាលនោះ អ្នកនាងបានលេចមុខប្រឡូកក្នុងវិស័យកុន និង ថតវីដេអូ MV បទចម្រៀងជាច្រើន រហូតទទួលបានការស្រឡាញ់គាំទ្រយ៉ាងច្រើនភ្លូកទឹកភ្លូកដីពីទស្សនិកជន។
ខណៈប្រជាប្រិយភាពកំពុងល្បីល្បាញកប់ក្ដោង និង ត្រូវប៉ាន់ខ្លាំងក្នុងទីផ្សារសិល្បៈ នៅសុខៗ ឌុច សុភា ស្រាប់តែបាត់មុខបាត់មាត់ ស្ងប់ស្ងាត់ពីវិស័យសិល្បៈឈឹង ដោយអ្នកនាងលែងសូវបង្ហាញខ្លួនសម្ដែងក្នុងខ្សែភាពយន្តតូចធំ ឬបង្ហាញមុខតាមប៉ុស្ដិ៍ទូរទស្សន៍ផ្សេងៗអស់រយៈជាច្រើនឆ្នាំ សូម្បីតែនៅលើបណ្ដាញសង្គមនានា ក៏កម្រឃើញអ្នកនាងបង្ហាញពីជីវិតឯកជនណាស់។
តែទោះជាយ៉ាងណា តារាសម្ដែងស្រីដ៏ល្បីល្បាញរូបនេះ មិនមែនបាត់មុខពីវិស័យសិល្បៈទាំងស្រុងនោះទេ ពោលគឺនៅអំឡុងឆ្នាំ ២០១៨ អ្នកនាង ឌុច សុភា បានចូលរួមសម្ដែងក្នុងខ្សែភាពយន្ត «កូនប្រសាអ្នកមាន» និង នៅឆ្នាំ ២០២០ អ្នកនាងក៏ចូលសម្ដែងជាថ្មីក្នុងរឿង «ម្ចាស់ក្រោលដំរី»។
រហូតមកដល់ថ្មីៗនេះ ឌុច សុភា ហាក់កាន់តែបង្ហាញសកម្មភាពជីវិតឯកជនរបស់នាង បង្ហោះនៅលើគណនីហ្វេសប៊ុក និង Tiktok ញឹកញាប់ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើន បង្ហាញនូវក្ដីនឹករឭក និង លាន់មាត់សរសើរនូវរូបសម្ផស្សរបស់តារាស្រីរូបនេះ ថានៅតែក្មេងស្អាតព្រោងព្រាត។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖