លេងឈុតធំ! ពាក់មី ត្រៀមឧទ្ធម្ភាគចក្រដឹកក្រុម «ផ្ការីកគ្រប់រដូវ» ទៅទាត់បាល់រកថវិកាជួយមន្ទីរពេទ្យនៅបាត់ដំបង
កន្លងមកមហាជនអ្នកគាំទ្រ នាយ ពាក់មី ច្បាស់ជាបានជ្រាបមកហើយពីក្រុមបាល់ទាត់ «ផ្ការីកគ្រប់រដូវ» របស់លោក ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង។ ក្នុងនោះ ក្រុមបាល់ទាត់ «ផ្ការីកគ្រប់រដូវ» នេះដែរ ក៏មានការចូលរួមពីសំណាក់សិល្បករ និង អ្នកលេងអាជីពមួយចំនួនផងដែរ។
យ៉ាងណាថ្មីនេះ ក្រោយពីការប្រកួតមិត្តភាពស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាហើយនោះ ក្រុមបាល់ទាត់ «ផ្ការីកគ្រប់រដូវ» ក៏បានត្រៀមខ្លួនទៅប្រកួតនឹងក្រុមកីឡាបាល់ទាត់ «បាត់ដំបង យ៉ូណាធីត» នៅឯទីរួមខេត្តបាត់ដំបង ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យធំ។
អ្វីដែលបានធ្វើឱ្យមហាជន ហាក់កំពុងផ្ទុះការចាប់អារម្មណ៍នោះ គឺនាយ ពាក់មី លេងឈុតធំត្រៀមឧទ្ធម្ភាគចក្រ ដឹកនាំក្រុមបាល់ទាត់ «ផ្ការីកគ្រប់រដូវ» ទៅប្រកួតនៅបាត់ដំបង។
ក្នុងនោះ នាយ ពាក់មី បានបង្ហោះសារថា ៖ «ផ្ការីកគ្រប់រដូវ កាន់តែកាច! ! ! ចាំទទួលផង បងប្អូនអ្នកក្រុងបាត់ដំបង ម៉ោង ១ រសៀល ថ្ងៃអាទិត្យ ទី ៣០ ខែកក្កដា នៅទីលាន សកលវិទ្យាល័យ ជាតិបាត់ដំបង ក្នុងកម្មវិធីប្រកួតបាល់ទាត់សប្បរសធម៌ រកមូលនិធិជូនមន្ទីរពេទ្យធំ ខេត្តបាត់ដំបង»៕