Baifern ឆ្លើយភ្លែត ក្រោយមហាជនឆ្ងល់ មិនសូវឃើញផុសរូបផ្អែមល្ហែមជាមួយ Nine ដូចមុន
ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីពេលថ្មីៗនេះ គូស្នេហ៍តារាថៃប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ គឺអ្នកកំលោះ Nine Napat និង ស្រីស្រស់ Baifern Pimchanok បានផ្ទុះល្បីថា មានរឿងរកាំរកូសគ្នា តែក៏មានការបកស្រាយហើយដែរ ថាទំនាក់ទំនងអ្នកទាំងពីរគឺធម្មតា ពុំដូចអ្វីដែលព័ត៌មានផ្សាយឡើយ។
ទន្ទឹមនឹងការបកស្រាយជុំវិញរឿងរ៉ាវរកាំរកូសនោះរួចមក បច្ចុប្បន្ន គេពុំសូវជាឃើញតារាស្រីប្រុសទាំងពីរ បង្ហោះរូបភាពផ្អែមល្ហែមគ្នាឡើយ ដែលនាំឱ្យមហាជនមានការងឿងឆ្ងល់។ ជុំវិញ បញ្ហានេះ ត្រូវបានអ្នកកាសែតក្នុងស្រុកថៃជជីកសួរ ថាតើនាងមិនហ៊ានបង្ហោះ ព្រោះតែខ្លាចមានរឿងដ្រាម៉ាឬយ៉ាងណា?
សម្រាប់ Baifern ដែលជាសាមីខ្លួនវិញ ក៏បានឆ្លើយថា ៖ «ហេតុផលដែលនាងមិនបង្ហោះរូបភាពដូចមុននោះ មិនមែនមកពីខ្លាចមានរឿងដ្រាម៉ាឡើយ តែមកពីអ្នកទាំងពីររវល់ការងាររៀងៗខ្លួន ទើបពុំសូវបានបង្ហោះ។ ណាមួយពេលនេះ ការងារអ្នកទាំងពីរ គឺស្ថិតនៅកន្លែងផ្សេងគ្នា ហើយបើថតគឺថតទុកក្នុងទូរស័ព្ទពុំបានផុសនោះទេ»៕