អែម គុនថង ខកចិត្ត ជាបវរកញ្ញាម្នាក់ដែរ តែគ្មានឈ្មោះក្នុងបញ្ជីឥស្សរិយយស ចាញ់អ្នកច្រៀងនៅ pub ថតតែ TikTok
សម្រាប់មហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ច្បាស់ជាបានស្គាល់រួចមកហើយកញ្ញា អែម គុនថង ដែលជាបវរកញ្ញាភពផែនដី ឬ Miss Earth ឆ្នាំ ២០១៧ និង ជាលំដាប់រងទី ២ Miss Grand Cambodia ឆ្នាំ ២០២១ និងទទួលបានឱកាសតំណាងឱ្យកម្ពុជាក្នុងកម្មវិធី Miss Global Cambodia 2022 ប្រកួតនៅប្រទេសឥណ្ឌូនេស៊ី។
ជាមួយនឹងបទពិសោធជាច្រើនក្នុងការប្រកួតលើឆាកជាតិ និង អន្តរជាតិនេះ បច្ចុប្បន្ន កញ្ញា អែម គុនថង បានក្លាយជាអ្នកបង្ហាញម៉ូដអាជីពម្នាក់ ដែលមានការទទួលស្គាល់ពីបងប្អូនមហាជនខ្មែរ។ យ៉ាងណាមិញ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ព្រះរាជក្រឹតនៃព្រះរាជណាចក្រកម្ពុជា បានចេញមកប្រកាសឈ្មោះ សិល្បករជាច្រើនដែលបានទទួលឥស្សរិយយស តែក្នុងនោះ គេពុំឃើញស្រីស្រស់ អែម គុនថង ទទួលបានគ្រឿងឥស្សរិយយសដូចសិល្បករដទៃឡើយ ដែលបានធ្វើឱ្យស្រីស្រស់រូបនេះ ខកចិត្តជាខ្លាំង រហូតបង្ហាញអារម្មណ៍តាមបណ្ដាញសង្គមហ្វេសប៊ុករបស់នាង។
តាមការបង្ហោះ កញ្ញា អែម គុនថង បានបង្ហាញាអារម្មណ៍ថា ៖ «សោកស្តាយដែលមិនបានបម្រើជាតិមាតុភូមិ ឱ្យអស់ពីកម្លាំងកាយនិងចិត្ត ជាអ្នកតំណាងប្រទេសមួយរូបដែរ មិនមានឈ្មោះ ចាញ់អ្នកគេច្រៀងនៅ pub ថតតែ TikTok»។ ក្រោយពីបង្ហោះសារបែបនេះហើយ គេឃើញមានអ្នកគាំទ្រនាងចូលទៅបញ្ចេញមតិលើកទឹកចិត្តជាហូរហែ៕