សាឡាត់ ស្រីឡាង ផ្លែផ្កាទៅមិត្តខ្លះឡើងចុក រឿងថានាងក្លាយជាតារាល្បី ឫកពាមិនស្គាល់ពួកម៉ាក
អតីតកាលដ៏ជូរចត់របស់តារាសម្ដែង សាឡាត់ ស្រីឡាង ពេលផ្ទះត្រូវភ្លើងឆេះខ្ទេចគ្មានសល់កាលពីអំឡុងឆ្នាំ ២០១៤ សូម្បីតែខោអាវចាស់ៗក៏គ្មាន និង សឹងតែរកបាយមួយចានចម្អែតក្រពះបាន ហើយក៏សឹងតែរកកន្លែងដេកពួនគ្មាន មកដល់ពេលនេះ នៅតែដក់ជាប់ក្នុងការចងចាំរបស់នាងមិនអាចបំភ្លេចបាន។
ពេលវេលានៃការបាត់បង់នោះ សាឡាត់ ស្រីឡាង បានឆ្លងកាត់មកយ៉ាងលំបាកលំបិនបំផុត ហើយពេលនេះ នាងក៏មានឈ្មោះបោះសំឡេងចូលប្រឡូកក្នុងវិស័យសិល្បៈ ដោយមានទស្សនិកជនជាច្រើនស្រឡាញ់ចូលចិត្ត ធ្វើឱ្យជីវភាពរបស់នាង បានផ្លាស់ប្ដូរមកល្អប្រសើរ មានលុយចាយពេញដៃ មានកន្លែងស្នាក់នៅល្អ មានអាហារហូកចុកគ្រប់គ្រាន់ មានមុខរបរចិញ្ចឹមជីវិត ខុសកាលពី ៩ ឆ្នាំមុនឆ្ងាយដូចជើងមេឃ។
ស្របពេលដែលកេរ្ដិ៍ឈ្មោះក្នុងសិល្បៈ ល្បីល្បាញគួរសមដែរ ស្រាប់តែតារាសម្ដែងរូបនេះ បង្ហោះស៊ែររូបភាពផ្ទះត្រូវភ្លើងឆេះកាលពីឆ្នាំ ២០១៤ ហើយដាក់ Caption យ៉ាងចាក់ដោតទៅមិត្តមួយចំនួនថា ៖ «មិត្តភក្តិខ្លះថា ឡាង ឥលូវឡើងតារាបានល្បីឫកណាស់ មិនស្គាល់ពួកម៉ាក ខ្ញុំ: កាលនឹងមិត្តនៅណា មិត្តដឹងថាគ្នារកតែបាយមួយចានសឹងគ្មានអត់ អាវអត់ពាក់ កន្លែងស្ទើរគ្មានដេក មិត្តនៅណាហា?????????»៕