អនាគតកូនប្រសាល្អ! យាយយ៉យ ចេញទៅក្រៅប្រទេសម្ដងណា មិនដែលបាត់មុខ មុន្នីនាថ ជូនដំណើរឡើយ
ចំណងស្នេហ៍រវាង នាយព្រែក និង តារាសម្ដែងស្រីរូបស្រស់ ឈិន មុន្នីនាថ កាន់តែរឹងមាំខ្លាំងឡើងរាល់ថ្ងៃ ព្រោះមើលទៅគ្រួសារទាំងសងខាង ក៏បានដឹងឮ ពេញចិត្តពេញថ្លើមគ្នាទៅវិញទៅមក ចំណែកឯសាមីខ្លួនផ្ទាល់ ក៏ស្រឡាញ់ផ្អែមល្ហែមជាមួយគ្នា បណ្ដើរគ្នាទៅណាមកណាសឹងមិនឃ្លាតមួយជំហាន។
បើនិយាយដល់ការពេញចិត្តពីចាស់ទុំ ថ្មីៗនេះ នាយព្រែក បានបង្ហោះរូបភាព ២ សន្លឹកនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កំពុងជូនដំណើរ យាយយ៉យ ដែលជាអ្នកម្ដាយជាទីស្រឡាញ់ ឡើងយន្តហោះធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ហើយក្នុងនោះ គេក៏ឃើញវត្តមានស្រីស្អាត ឈិន មុន្នីនាថ ទៅជូនដំណើរដែរ។
នេះមិនមែនជាលើកដំបូងទេ ដែលកញ្ញា ឈិន មុន្នីនាថ បង្ហាញវត្តមានដោយទឹកមុខញញឹមញញែម ទៅជូនដំណើរតារាកំប្លែងជើងចាស់រូបនេះឡើងយន្តហោះ ឬទៅណាមកណាទាំងជិតទាំងឆ្ងាយប្រៀបដូចគ្រួសារតែមួយ ចំណែកឯ យាយយ៉យ វិញ មើលទៅក៏ហាក់ស្រឡាញ់ពេញចិត្ត ចង់បាន មុន្នីនាថ ជាកូនប្រសាណាស់ដែរ ព្រោះតារាសម្ដែងស្រីរូបនេះ មានចរិតសុភាពរាបសា ចេះគោរពចាស់ទុំ កតញ្ញូ ថែមទាំងស្រស់ស្អាតទៀត ជាពិសេសជានារីដែលកូនប្រុសខ្លួនស្រឡាញ់៕