មិននឹកនាចូលសិល្បៈវិញ តួប្រុសរឿង «បេសកកម្មមួយ» កំពុងប្រកបមុខរបរនេះ និង សាងគ្រួសារយ៉ាងមានក្តីសុខ
រំឭកទៅដល់ខ្សែភាពយន្តភាគ ផលិតដោយលោក ម៉ានិត រឿង «បេសកកម្មមួយ» ឬ «One Mission» ប្រិយមិត្តប្រាកដជាបានស្គាល់ហើយនូវតួអង្គប្រុសមួយរូបឈ្មោះ ចាវីន ដែលសម្តែងដោយលោក មឿន ពិសិដ្ឋ ។ មហាជនចាំបានថា កាលពីអំឡុងឆ្នាំ ២០១៨ លោកបានមានជំងឺរលាកស្រោមខួរ ក្រោយមកក៏បានបាត់មុខក្នុងវិស័យសិល្បៈស្របគ្នាតែម្តង។
យ៉ាងណាមិញ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ លោក ពិសិដ្ឋ តួអង្គ ចាវីន ក្នុងរឿង «បេសកកម្មមួយ» នេះ ក៏បានទទួលសមាជិកថ្មីជាកូនប្រុសដំបូងរួចហើយដែរ ក្រោយពីលោកបានរៀបការយ៉ាងស្ងប់ស្ងាត់កាលពីអំឡុងឆ្នាំ ២០២០។
ក្រោយពីបញ្ចប់អាជីពសិល្បៈ សាងគ្រួសារពោរពេញដោយសុភមង្គលហើយនោះ មហាជនអ្នកគាំទ្រក៏ហាក់នឹករឭកដល់អតីតតារាប្រុសរូបនេះ ដោយម្នាក់ៗចង់ដឹងពីសុខទុក្ខជីវិតឯកជនរបស់លោក។
ជាក់ស្តែង បច្ចុប្បន្ន លោក ពិសិដ្ឋ ហាក់មិននឹកនាវិលចូលសិល្បៈវិញនោះឡើយ ដោយអតីតតារាប្រុសរូបនេះ ក៏តែងបង្ហោះរូបភាពគ្រួសារតូច ពោរពេញដោយស្នាមញញឹម ព្រមទាំងបង្ហោះលក់ផលិតផលមួយចំនួននៅលើគណនីហ្វេសប៊ុករបស់លោកផងដែរ៕