មើលចិត្តគ្នា ៨ ឆ្នាំ ទីបំផុត Pat Klear និង គូស្នេហ៍ កាន់ដៃគ្នាចូលរោងការហើយ
អស់រយៈពេល ៨ ឆ្នាំមកហើយ ដែលគូស្នេហ៍តារាចម្រៀងស្រីដ៏ល្បីរបស់ថៃ នាង Pat Klear និង សង្សារបណ្ដូលចិត្ត បានសិក្សាមើលចិត្តគ្នា។ ក្នុងរយៈពេល ៨ ឆ្នាំកន្លងមកនេះ មហាជនតែងតែបានឃើញនូវភាពផ្អែមល្ហែមដែលតារាស្រី Pat Klear បង្ហោះលើបណ្ដាញសង្គមមកជាហូរហែ រហូតអ្នកគាំទ្រតែងតែរំអុកចង់ឃើញអ្នកទាំងពីរឆាប់កាន់ដៃគ្នាចូលរោងការ។
យ៉ាងណាមិញ ការទន្ទឹងរង់ចាំរបស់មហាជនក៏បានមកដល់មែន ដោយថ្មីៗនេះ ស្រីស្រស់ Pat Klear និង គូស្នេហ៍ បានកាន់ដៃគ្នាចូលរោងការតាមប្រពៃណីហើយ ដោយមានការរៀបចំឡើងយ៉ាងអធិកអធម និង មានការចូលរួមពីមិត្តៗសិល្បករថៃជាច្រើន។
ងាកទៅមើលតារាស្រី Pat Klear ដែលជាសាមីខ្លួនវិញ បានបង្ហាញនូវទឹកមុខរីករាយ រំភើបសប្បាយ ដែលអាចរកឃើញមនុស្សប្រុសល្អម្នាក់ធ្វើជាគូជីវិត។ ដោយឡែក សម្រាប់មហាជនវិញ ក៏បានសម្ដែងនូវក្តីសាទរចំពោះតារាស្រី Pat Klear ដែរ ដោយបញ្ចេញមតិអបអរសាទរពាសពេញបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្តាក្រាម៕