ឆ្នាំនេះ រ៉ូលីន លេងដៃធំ ចាយលុយទាំងខ្ទាស់ៗ ជិះយន្តហោះទៅធ្វើខួបឆ្លងវ័យ ៣៦ ឆ្នាំដល់ឌូបៃ
មហាជនប្រាកដជាជ្រាបរួចហើយថា រ៉ូលីន ជាតារាចម្រៀងពហុជំនាញដ៏ល្បីនៅប្រទេសកម្ពុជា ដែលអាចបកស្រាយជាសំឡេងស្រីក៏បាន និង ប្រុសក៏បានយ៉ាងពីរោះ តែងត្រូវបានមហាជនប្រុសស្រីកោតសរសើរ ក៏ដូចជាមានការគាំទ្រយ៉ាងខ្លាំង ក៏ព្រោះតែលោកមិនត្រឹមតែមានទឹកដមសំឡេងពីរោះទេ រ៉ូលីន ក៏មានសមត្ថភាពលេងកំប្លែង និង ធ្វើជាពិធីករដ៏ក្រមិចក្រមើមបញ្ចេញវោហារឱ្យទស្សនិកជនសើចសប្បាយផងដែរ។
កន្លងមកមហាជនតែងតែបានឃើញ តារាចម្រៀងភេទទី ៣ រូបនេះប្រើប្រាស់ជីវិតសាមញ្ញៗ ពុំសូវជាបង្ហាញភាពហ៊ឺហាប៉ុន្មានឡើយ តែពេលថ្មីៗនេះ ស្រាប់តែគេឃើញ រ៉ូលីន ជិះយន្តហោះកៅអី VIP ធ្វើដំណើរកម្សាន្តទៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលធ្វើឱ្យមហាជនឃើញហើយតាមសម្លឹងមើលជីវិតដ៏អភិជនរបស់តារាភេទទី ៣ រូបនេះព្រាត។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គេឃើញថាតារារូបនេះថែមទាំងបានធ្វើពិធីឆ្លងខួបកំណើតវ័យ ៣៦ ឆ្នាំ នៅសណ្ឋាគារល្បីមួយនៅទីក្រុង ឌូបៃថែមទៀតផង។ ក្នុងនោះ រ៉ូលីន ក៏បានបង្ហាញរូបភាពពោរពេញដោយក្តីសុខ ព្រោះបានទៅកាន់ប្រទេសដែលមានការរីកចម្រើនខ្លាំងលើគ្រប់វិស័យ ជាពិសេស បានផ្តិតយកនូវរូបភាពអគារខ្ពស់ៗបង្ហោះលើបណ្ដាញសង្គម។ ដោយឡែក បើនិយាយពីការចំណាយវិញទំនងជាត្រូវចំណាយចាប់ពីខ្ទង់ពាន់ដុល្លារអាចឈានដល់ម៉ឺនដុល្លារឯណោះ ព្រោះបើតាមការ Live របស់ រ៉ូលីន ផ្ទាល់បានបង្ហើបថា សណ្ឋាគារដែលលោកស្នាក់នៅគឺ ១ យប់ តម្លៃប្រមាណជា ១០ លានរៀលឯណោះ៕