ប៉ាៗ Goal! ទោះរវល់ការងារ និង រៀនយ៉ាងណា ជី ដេវីដ ឆ្លៀតនាំ Albert ទៅលេងសួនកម្សាន្តផ្តល់ភាពកក់ក្តៅកូនប្រុសសំណព្វ
គិតមកដល់ពេលនេះ រយៈពេល ៥ ខែមកហើយ ដែលតារាចម្រៀង ទេព បូព្រឹក្ស និង លោក ជី ដេវីដ ទទួលបានតំណក់ឈាមកូនប្រុសដំបូង ឈ្មោះថា ទេព បញ្ចវរាប ហៅ Albert បើគិតពីថ្ងៃសម្រាលកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ។
ក្រោយពីទទួលបានចំណងដៃកូនប្រុសហើយនោះ គូស្នេហ៍តារាប្រុសស្រី ជី ដេវីដ និង ទេព បូព្រឹក្ស កាន់តែមានសុភមង្គលទ្វេដង ដោយពីមួយថ្ងៃទៅមួយថ្ងៃ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក រមែងឃើញពីការបង្ហាញក្តីសុខយ៉ាងពេញទីក្នុងគ្រួសារតូចរបស់ពួកគេ។
ងាកទៅកាន់ប៉ាៗវ័យក្មេង ជី ដេវីដ វិញ ត្រូវបានមហាជនលើកសរសើរថាជាប៉ាៗគំរូ បើទោះជានៅក្មេងវ័យ និង មមាញឹកលើការងារផង ការសិក្សាផង តែលោក ជី ដេវីដ នៅតែមិនភ្លេចមើលថែថ្នាក់ថ្នមផ្តល់ភាពកក់ក្ដៅដល់កូន មិនខុសពីម៉ាក់ៗនោះឡើយ។
ជាក់ស្តែង ថ្មីៗនេះ ក្រោយសម្រាកពីការរវល់ លោក ជី ដេវីដ បានឆ្លៀតនាំកូនប្រុសសំណព្វចិត្ត និង ភរិយា ដើរកម្សាន្តនៅសួនកម្សាន្តមួយកន្លែង ព្រមទាំងបង្ហោះរូប និង វីដេអូ បង្ហាញពីភាពរីករាយធ្វើឱ្យមហាជនរំភើបចិត្ត ក្រោយឃើញស្នាមញញឹមគ្រួសារតូចរបស់អ្នកនាង ទេព បូព្រឹក្ស និង លោក ជី ដេវីត ទៀតផង៕