កំពុងក្តៅរឿង Janie និង ស្វាមីមានរឿងរកាំរកូសគ្នា ស្រាប់តែ Woonsen ទម្លាយបែបនេះឡើង ក្រោយមានអ្នកសួរ
នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយគូស្វាមីភរិយាដ៏សែនផ្អែមល្អែមមួយគូ គឺតារាសម្ដែងស្រី Janie Tienphosuwan និង Mickey បានចេញមកបង្ហោះសារប្លែកៗក្នុងបណ្ដាញសង្គមអ៊ីនស្តាក្រាម ហាក់កំពុងតែមានរឿងរកាំរកូសក្នុងគ្រួសារ។
បើតាមការបង្ហោះរបស់តារាស្រី Janie បានបង្ហោះថា ៖ «ខ្ញុំមិនដឹងថាមានអ្នកស្តាប់ឬអត់នោះទេ តែចង់ឱ្យត្រឡប់ទៅគិតរឿងដែលគួរគិត និង ត្រូវទទួលយកនូវអ្វីគ្រប់យ៉ាងដែលអ្នកមាននៅឆ្នាំ ២០២៣ នេះ»។ ងាកទៅមើលស្វាមីនាង លោក Mickey បានចេញបង្ហោះថា ៖ « អាថ៌កំបាំងនៃជីវិត សូមឈប់ស្ត្រេស និង រវល់ជាមួយរឿងរបស់អ្នកដទៃ ដែលធ្វើឱ្យរំខានដល់សេចក្តីសុខក្នុងជីវិតរបស់អ្នក»។
ទន្ទឹមនឹងឃើញការបង្ហោះសារបែបនេះពីតារាប្រុសស្រីទាំងពីរ គេឃើញមានអ្នកគាំទ្រច្រើនមានការងឿងឆ្ងល់ និង សង្ស័យថា តារាស្រី Janie និង ស្វាមី អាចនឹងមានរឿងរកាំរកូសជាមួយគ្នា។ ទោះយ៉ាងណា ចាប់តាំងពីវិនាទីដែលគេសង្ស័យមកទល់ពេលនេះ ស្វាមីភរិយាមួយគូនេះនៅពុំទាន់ចេញមុខបកស្រាយឡើយ តែគេបានសួរទៅកាន់មិត្តជំនិត Janie គឺតារាស្រី Woonsen ចំពោះរឿងនេះ។
ក្នុងនោះ Woonsen បានទម្លាយថា នាងទើបតែបានជួប Janie តែមិនឃើញមិត្តរបស់នាងនិយាយអ្វីឡើយទាក់ទងទៅនឹងរឿងនេះ ដូច្នេះមានតែរង់ចាំឱ្យសាមីខ្លួនបកស្រាយវិញល្អជាង ព្រោះនាងក៏មិនដឹងដូចគ្នា៕