Song Hye Kyo ចេញបកស្រាយ ក្រោយមានបញ្ហាសង់ផ្ទះអត់ដាក់រនាំងដែក ប៉ះពាល់ដល់អ្នកជិតខាង
ថ្មីៗនេះ តារាសម្ដែងស្រី Song Hye Kyo បានជាប់ពាក់ព័ន្ធនឹងបញ្ហាប៉ះពាល់ដល់អ្នកជិតខាង អំឡុងពេលកំពុងសាងសង់ផ្ទះថ្មី ដោយសារតែរនាំងដែកបានធ្លាក់សង្កត់លើឡានរបស់អ្នកជិតខាងដែលបានចត បណ្តាលឱ្យរងការខូចខាតជាដំណំ ប៉ុន្តែមិនមានអ្នកណាម្នាក់រងរបួសនោះទេ។
បន្ទាប់ពីមានហេតុការណ៍នេះបានកើតឡើង ខាងក្រុមហ៊ុនអ្នកគ្រប់គ្រងរបស់ Song Hye Kyo បានបញ្ជាក់អំពីព័ត៌មាននេះ និង បានផ្ញើការសុំទោសជាសាធារណៈទៅកាន់ម្ចាស់ឡានដែលបានខូចខាតយ៉ាងដូច្នេះថា ៖ «សួស្តី នេះជាក្រុមហ៊ុន UAA របស់ Song Hye Kyo ចំពោះឡានដែលអ្នកជិតខាងម្នាក់បានរងការខូចខាត អំឡុងពេលផ្ទះរបស់ Song Hye Kyo កំពុងសាងសង់នោះ គឺភាគីរបស់យើងសូមអភ័យទោសដោយស្មោះចំពោះការខ្វះខាតលើសុវត្ថិភាពអំឡុងពេលសាងសង់។
ខាងយើងខ្ញុំសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ឡានដែលខូចខាត ហើយពួកគេនឹងប្តេជ្ញាធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់ជាមួយនឹងភាគីខាងសំណង់របស់យើង។ ទន្ទឹមនឹងនេះ យើងសន្យាថានឹងមិនឱ្យមានបញ្ហាដូចនេះកើតឡើងម្ដងទៀតឡើយ។ ជាចុងក្រោយ ខាងពួកយើងក៏បានប្រមូលមតិយោបល់ពីប្រជាពលរដ្ឋនៅតំបន់នោះ ដើម្បីកែតម្រូវការរាល់ចំណុចខ្វះខាត ហើយព្យាយាមកាត់បន្ថយបញ្ហារអាក់រអួលពេលដំណើរការសាងសង់»៕