អ្នកគាំទ្របារម្ភព្រាត ក្រោយឃើញ សុគន្ធ ថេរ៉ាយុ បង្ហោះសារបង្ហាញអារម្មណ៍សោកសៅលើបណ្តាញសង្គម
កន្លងមក មហាជននិយមតាមដានរឿងរ៉ាវជីវិតឯកជនរបស់លោក សុគន្ធ ថេរ៉ាយុ ច្បាស់ជាធ្លាប់បានជ្រាបមកហើយថា មួយរយៈមុនតារាចម្រៀងប្រុសរូបនេះបានបាត់មុខលើឆាកតន្ត្រីមួយរយៈ ដោយអ្នកគាំទ្រយល់ថាលោកអាចនឹងរវល់សម្រុកបង្កើតមុខជំនួញក្នុងដៃ។
យ៉ាងណា បន្ទាប់ពីបានវិលត្រឡប់មកបង្ហាញវត្តមានលើវិថីសិល្បៈជាថ្មី លោក សុគន្ធ ថេរ៉ាយុ ក៏ធ្លាប់បានបង្ហាញពីស្ថានភាពផ្លូវចិត្តរបស់លោកនៅក្នុងកម្មវិធីកម្សាន្តមួយថា អំឡុងពេលបាត់មុខលើសិល្បៈមួយរយៈនោះ គឺលោកមានជំងឺបាក់ទឹកចិត្ត។
មកដល់ពេលនេះ បើទោះជាលោក សុគន្ធ ថេរ៉ាយុ ធា្លប់បានប្រាប់មហាជនថា លោកធូរស្រាលជាងមុនក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រនៅតែព្រួយបារម្ភដល់តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះដូចដើម។
ដោយឡែក ក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់លោក សុគន្ធ ថេរ៉ាយុ រមែងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និង មានការព្រួយបារម្ភដល់លោកជានិច្ច ព្រោះលោកតែងតែងបង្ហោះសារហាក់បង្ហាញពីអារម្មណ៍សោកសៅជារឿយៗ។
ជាក់ស្តែង កាលពីយប់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ លោក សុគន្ធ ថេរ៉ាយុ ក៏បានបង្ហោះបង្ហាញពីអារម្មណ៍ឯកាសោកសៅរបស់លោកជាថ្មីថា ៖ «ពេលខ្ញុំអត់សប្បាយចិត្ត ខ្ញុំអត់ចង់និយាយអ្វីទាំងអស់! មិនមែនមកពីឫក មិនមែនមកពីមិនពេញចិត្តអ្នណាទេ។ ពេលអត់សប្បាយចិត្តខ្ញុំ គ្រាន់តែចង់នៅស្ងៀមស្ងាត់ បើមានគេសួរនាំច្រើន ខ្លាចថាទឹកភ្នែកខ្ញុំនឹងស្រក់ ខ្លាចថានឹងអាចប្រើសម្តីធំដាក់គេ ខ្លាចថាអារម្មណ៍នឹងនាំមុខខួរក្បាលនិយាយអ្វីដោយមិនចេះគិតគូរធ្វើឱ្យអ្នកដទៃឈឺចាប់។ ពេលអត់សប្បាយចិត្ត ខ្ញុំគ្រាន់តែចង់អនុញ្ញាតឱ្យខ្លួនឯងអត់សប្បាយចិត្តឱ្យអស់ចិត្ត រិះគិតឱ្យបានច្បាស់ ដោះស្រាយជាមួយនឹងខ្លួនឯងឱ្យដាច់ស្រឡះ មុននឹងត្រលប់មកជីវភាពធម្មតារបស់ខ្ញុំវិញ។ stressful lonely គ្មានអ្នកលើកទឹកចិត្ត»៕