តារាជើងចាស់វាសនាល្អ! អ្នកស្រី Banjerdsri Yamapai អាយុ ៩៨ ឆ្នាំនៅតែមានសុខភាពល្អ ហើយអ្នកសិល្បៈគោរពស្រឡាញ់ខ្លាំង
ប្រិយមិត្តដែលបានតាមដានរឿងភាគបុរាណថៃ «បុព្វេសន្និវាស» ច្បាស់ជាបានស្គាល់ជាក់ជាពុំខានតួអង្គលោកយាយរបស់តួឯកស្រី «កេតសូរ៉ា» ដែលជាតួអង្គជាតិថ្មីរបស់នាង «ការ៉ាកេត» ដោយសម្ដែងដោយតារាស្រីជើងចាស់ Banjerdsri Yamapai ។
លោកយាយ Banjerdsri Yamapai គឺជាចាស់ព្រឹទ្ធាចារ្យម្នាក់ក្នុងរង្វង់សិល្បៈថៃ ដែលមានស្នាដៃសម្ដែងមករាប់មិនអស់។ លោកយាយគឺជាសិល្បករគំរូម្នាក់ដែលតារាប្រុសស្រីថៃគ្រប់រូបតែងតែសិក្សារៀនសូត្របន្ត។ បន្ទាប់ពីសម្ដែងរឿង «បុព្វេសន្និវាស» ចប់ទៅលោកស្រីក៏ចូលនិវត្តន៍ការងារហើយ ដោយពេលនេះលោកលោកយាយរស់នៅ និង ទទួលការមើលថែយ៉ាងយកចិត្តទុកដាក់ពីកូនចៅ។
បច្ចុប្បន្នលោកយាយ Banjerdsri Yamapai មានអាយុ ៩៨ ឆ្នាំជិត ១០០ ឆ្នាំ ហើយ អាចនិយាយបានថាជាតារាជើងចាស់ថៃម្នាក់ដែលមានអាយុច្រើនជាងគេក៏ថាបាន។ ក្នុងនោះ បើនិយាយពីសុខភាពវិញតារាស្រីជើងចាស់រូបនេះនៅតែរឹងមាំ និង សុខភាពល្អ។ ជារឿយៗ គេក៏ឃើញតារាប្រុសស្រីថៃតែងស្រករក្រោយទៅសួរសុខទុក្ខពុំសូវដាច់ឡើយ៕