ស្ងាត់មួយរយៈ តាមពិត Pancake សំងំរកវិធីសាស្រ្តថែសុខភាព ដើម្បីមានកូនស្នងត្រកូល
ចាប់តាំងពីរៀបការហើយបានជាង ១ ឆ្នាំមក តារាស្រី Pancake និង ស្វាមីហាក់មិនសូវលេចមុខបង្ហាញសុខទុក្ខនៅលើបណ្តាញសង្គមឱ្យមហាជនបានឃើញ និង ដឹងឡើយ ប្រសិនបើនាងមិនមានការងារចាំបាច់ ឬចូលរួមនៅក្នុងកម្មវិធីផ្សេងៗ។
អ្វីដែលកាន់តែពិសេស ជឿជាក់ថា មហាជនប្រាកដជាចង់ដឹងពីសុខទុក្ខកំពូលតារាក្នុងដួងចិត្តជាក់ជាពុំខាន ក្រោយស្ងាត់មិនសូវបង្ហាញមុខជាញឹកញាប់នោះ។ តែទោះយ៉ាងណា ទន្ទឹមនឹងការចង់ដឹងពីសុខទុក្ខនេះដែរ ទីបំផុត ថ្មីៗនេះ Pancake បានបង្ហាញខ្លួន និង សុខទុក្ខឱ្យអ្នកគាំទ្របានជ្រាបហើយ ព្រមទាំងនាំមកជាមួយដំណឹងល្អ ដែលអ្នកគាំទ្រនឹកស្មានមិនដល់ថែមទៀតផង។
ជាក់ស្តែង នៅពីក្រោយការសំងំមិនបង្ហាញខ្លួនរបស់តារាស្រី Pancake តាមពិតនាងកំពុងរកវិធីសាស្រ្តដើម្បីថែសុខភាពឱ្យល្អងាយស្រួលយកកូនស្នងត្រកូលសោះ។ ពិសេស នាងថែមទាំងបានបង្ហើបទៀតថា នាងសម្រេចចិត្តទៅភ្ញាស់មេជីវិតញីនៅមន្ទីរពេទ្យឆាប់ៗនេះហើយ ព្រោះយ៉ាងយូរ ១ ទៅ ២ ឆ្នាំទៀតនាងនឹងយកកូនហើយ។
យ៉ាងណាមិញ គ្រាន់តែបានឮដំណឹងនេះភ្លាម ធ្វើឱ្យអ្នកគាំទ្រគូស្វាមីភរិយាអ្នកទាំងពីរមិនតិចឡើយ ដែលកំពុងតែដេកញញឹម ព្រោះមហាជនរង់ចាំពាក្យនេះយូរណាស់មកហើយ៕