មុខស្រដៀងៗ! ការពិតតារាចម្រៀង សេន រ៉ានុត ជាប់សាច់ឈាមជិតដិតនឹងកីឡាករ ឈុត វណ្ណថង
ប្រិយមិត្តពិតជានៅចាំលោក សេន រ៉ានុត អតីតតារាចម្រៀងក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញកាលពីអំឡុងឆ្នាំ ២០០០ មិនខាន ទោះបីជាពេលនេះតារាប្រុសសង្ហារូបនេះបានបាត់មុខពីសិល្បៈជាង ១០ ឆ្នាំទៅហើយក្ដី ប៉ុន្តែនៅតែមានអ្នកគាំទ្រនឹករឭកដល់លោកយ៉ាងខ្លាំង។
ពិតណាស់ លោក សេន រ៉ានុត ដែលបានឃ្លាតឆ្ងាយពីប្រទេសកំណើត ក៏ដូចជាសិល្បៈនោះ គឺលោកបានចេញទៅរស់នៅសហរដ្ឋអាមេរិក។ ខណៈពេលដែលតារាចម្រៀងប្រុសរូបនេះ បាន និង កំពុងរស់នៅអាមេរិកនោះ បានធ្វើឱ្យបណ្ដាអ្នកគាំទ្រមានការនឹករឭកទៅដល់លោកជាខ្លាំង និង ថែមទាំងចង់ឱ្យលោកវិលត្រឡប់មកប្រឡូកនៅក្នុងវិស័យសិល្បៈវិញម្ដងទៀតផង។
កាលពីអំឡុងខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ លោក សេន រ៉ានុត ក៏បានមកប្រទេសកម្ពុជាម្តងហើយដែរ ដោយកាលនោះ លោកបានត្រឡប់មកស្រុកកំណើតស្ងាត់ៗ ព្រោះតែមានធុរៈចាំបាច់ខ្លាំងក្នុងគ្រួសារ។
យ៉ាងណាមិញ ថ្មីៗនេះ មហាជនអ្នកគាំទ្រក៏កំពុងផ្ទុះការចាប់អារម្មណ៍ម្តងទៀតហើយដល់ លោក សេន រ៉ានុត ក្រោយពីឃើញគណនីហ្វេសប៊ុករបស់កីឡាករប្រដាល់ ឈុត វណ្ណថង បានបង្ហោះរូបភាពជួបជុំក្រុមគ្រួសារនៅឯខេត្តបាត់ដំបង ហើយមានវត្តមានរបស់តារាចម្រៀង សេន រ៉ានុត ដែរ។
អ្វីដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍បន្ថែមទៀតនោះ គឺកីឡាករប្រដាល់ ឈុត វណ្ណថង បានហៅលោក សេន រ៉ានុត ថា «ពូ»។ ក្នុងនោះ ក៏ជាលើកដំបូងដែរ ដែលបមហាជនទើបតែបានដឹងថា លោក សេន រ៉ានុត និង កីឡាករប្រដាល់ ឈុត វណ្ណថង ជាពូក្មួយនឹងគ្នា។ ជាងនេះទៅទៀត ក្រោយពីដឹងទំនាក់ទំនងហើយ មហាជនក៏លើកឡើងថា លោក សេន រ៉ានុត និង កីឡាករប្រដាល់ ឈុត វណ្ណថង មានមុខស្រដៀងគ្នាណាស់៕