តារាប្រុស ៣ រូប មិនលាក់រឿងអតីត បង្ហាញអស់ថាធ្លាប់ធ្វើខ្លួនមិនល្អមួយពេល តែចេះកែប្រែមកល្អវិញ
ជាការពិតណាស់ កន្លងមកមានតារាៗជាច្រើនធ្លាប់បានគាស់កកាយពីជីវិតពិតរបស់ខ្លួនកាលពីមុនចូលប្រឡូក និង អំឡុងពេលប្រឡូកវិស័យសិល្បៈ ពាក់ព័ន្ធនឹងរឿងល្អ រឿងអាក្រក់រៀងៗខ្លួន។ ងាកទៅកាន់តារាចម្រៀង ៣ រូបខាងក្រោមនេះវិញ ហាក់មិនលាក់លៀមឡើយ ដោយបានហ៊ានសារភាពប្រាប់មហាជនត្រង់ៗធ្លាប់បានឆ្លងកាត់ជីវិតជូរចត់ ហើយផុងខ្លួនធ្វើមិនល្អមួយពេល។
១. តារាចម្រៀងរ៉េប វណ្ណដា
កាលពីអំឡុងខែមេសា ឆ្នាំ ២០២៣ កន្លងទៅ ក្នុងកម្មវិធីប្រគំតន្ត្រី «$KULLTHEALBUM» លោក វណ្ណដា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនស្រឡាំងកាំង ក៏ដូចជារំភើបចិត្តយ៉ាងខ្លាំង ក្រោយលោកបានទម្លាយពីរឿងរ៉ាវខ្លះៗរបស់ខ្លួន ដែលធ្លាប់ដើរផ្លូវខុសកាលពីមិនទាន់ចូលវិស័យសិល្បៈ។ លើសពីនោះ វណ្ណដា បានរៀបរាប់ថា បងប្រុសរបស់លោកគឺ លោក ម៉ាន់ វណ្ណឌី ជាបុគ្គលម្នាក់ដែលអូសទាញលោកចេញពីការប្រព្រឹត្តរឿងអាក្រក់នោះ។ កាលនោះ លោក វណ្ណដា បានរៀបរាប់ទៅកាន់បងប្រុសបង្កើត គឺលោក ម៉ាន់់ វណ្ណឌី ថា ៖ «អរគុណគាត់មែនទែន! បុរសម្នាក់ហ្នឹងហើយ ក៏ជាមនុស្សដែលទាញខ្ញុំចេញឆ្ងាយពីគ្រឿងញៀន ហើយបង្ហាញខ្ញុំ និង ឱ្យខ្ញុំស្គាល់ពីសង្គម និង អ្វីទៅជាតន្រ្តី Hip-Hop»។
២. តារាចម្រៀង សាន ផានិត
ពិតជារឿងគួរឱ្យភ្ញាក់ផ្អើលមួយដែរ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀង សាន ផានិត បានផ្តល់កិច្ចសម្ភាសដល់កម្មវិធីកម្សាន្តរបស់ លោក អ៊ឹម ជីវ៉ា ដោយបានទម្លាយពីរឿងរ៉ាវជាច្រើនក្នុងអំឡុងពេលលោកបានបាត់មុខមួយរយៈធំលើវិថីសិល្បៈ។
តាមកិច្ចសម្ភាសនោះ លោក សាន ផានិត ហាក់មិនខ្មាសអៀន និង លាក់បាំងរឿងអតីតរបស់ខ្លួននោះឡើយ ដោយលោកបានរៀបរាប់ថា កាលអំឡុងពេលលោកបាត់មុខលើវិថីសិល្បៈ ព្រោះលោកបានផុងខ្លួនប្រើប្រាស់គ្រឿងញៀន ដោយការសប្បាយមួយពេលសេពគប់ជាមួយមនុស្សនាំដើរផឹកស៊ី សង្គមអូសទាញ។
ពេលនោះលោកក៏បានកែខ្លួនទាន់ពេល ដោយលោកបានផ្តាច់ទំនាក់ទំនងជាមួយបុគ្គលដែលនាំលោកទៅសេពគប់រករឿងមិនល្អ រហូតលោកកែប្រែខ្លួន និង បានសាងផ្នួសជាព្រះសង្ឃ ហើយជីវិតលោកបានផ្លាស់ប្តូរ ក្រោយលោកបានសាងគ្រួសារជាមួយភរិយាមកនោះ។
៣. ឌីជេ ក្តិប
កាលអំឡុងឆ្នាំ ២០១៥ ឌីជេ ក្តិប ក៏ធ្លាប់បានទម្លាយរឿងរ៉ាវមិនល្អរបស់ខ្លួន ពាក់ព័ន្ធនឹងការសេពគ្រឿងញៀនកាលពីអំឡុងឆ្នាំ ២០០៤។ ក្នុងនោះ លោកបានរៀបរាប់ក្នុងកម្មវិធីកម្សាន្តមួយថា កាលពីលោកខ្ញុំនៅវ័យជំទង់បានសេពគ្រឿងញៀន ធ្វើបាបឪពុកម្ដាយរហូតដល់រត់ចេញពីផ្ទះដើរផ្សងព្រេង ធ្វើការរកប្រាក់ដោយខ្លួនឯង។ កាលនោះ ឌីជេ ក្តិប ក៏បានបញ្ជាក់ថា លោកបានឈប់សេពគ្រឿងញៀន ក៏ព្រោះតែមនុស្សជាទីស្រឡាញ់ រួមមានឪពុកម្តាយជាពិសេស៕