បែកគ្នា ១ ឆ្នាំហើយ សុខៗអ្នកមេម៉ាយសាច់ខ្ចី សេង សុឃីម បង្ហោះរូបគូនឹង នាយចឺម ជាអតីតគូស្នេហ៍ រួចពោលយ៉ាងភ្ញាក់ផ្អើលឡើង
បើនិយាយជុំវិញរឿងរ៉ាវចំណងស្នេហ៍របស់តារាចម្រៀង នាយចឺម និង អ្នកមេម៉ាយរូបស្រស់ សេង សុឃីម កាលពីពាក់កណ្ដាលឆ្នាំ ២០២២ កន្លងទៅ បានធ្វើឱ្យអ្នកតាមដានមានការភ្ញាក់ផ្អើល និង បង្ហាញការសោកស្ដាយជាខ្លាំង ខណៈគូស្នេហ៍របស់តារាប្រុសរូបនេះបានធ្វើប្រកាសជាសាធារណៈថាចំណងស្នេហ៍របស់អ្នកទាំងពីរបានដើរដល់ផ្លូវបំបែក។
ក្នុងនោះ អ្នកនាង សេង សុឃីម ក៏បានបញ្ជាក់មូលហេតុខ្លះៗដែលធ្វើឱ្យចំណងស្នេហាដើរដល់ផ្លូវបំបែកឱ្យបានដឹងដែរថា អ្នកទាំងពីរគឺពុំបានឈ្លោះគ្នានោះទេ ប៉ុន្តែនៅក្នុងសារដែលបង្ហោះនោះ គេចាប់អារម្មណ៍ឃើញអ្នកនាង សេង សុឃីម បានរៀបរាប់ថា នាយចឺម សុខៗចង់បែក រួចលើកហេតុផលចាស់ៗមកនិយាយដដែល ដូច្នេះហើយឃាត់ក៏មិនស្តាប់មានតែបណ្តោយឱ្យទៅ។
ក្រោយបានចែកផ្លូវគ្នាអស់រយៈពេលជិត ១ ឆ្នាំ ស្រាប់តែថ្មីៗនេះ អ្នកនាង សេង សុឃីម ធ្វើឱ្យមហាជនចាប់អារម្មណ៍មែនទែន ពេលបានឃើញនាងបង្ហោះរូបភាពជាគូជាមួយអតីតគូស្នេហ៍ គឺនាយ ចឺម ថែមទាំងភ្ជាប់ជាមួយសាររឭកដល់ចំណងស្នេហ៍ទៀតផង។ ក្នុងនោះ អ្នកនាង សេង សុឃីម សរសេររៀបរាប់ថា ៖ «១ ឆ្នាំហើយ គិតៗទៅពេលវេលាពិតជាដើរលឿនមែនដូចកុហក»។
ក្រោយឃើញការបង្ហោះរបស់ អ្នកនាង សេង សុឃីម ភ្លាម មហាជនអ្នកគាំទ្រដែលធ្លាប់ចាប់អារម្មណ៍តាមដានអ្នកទាំងពីរហាក់ភ្ញាក់ផ្អើលខ្លាំង និង បានចែករំលែកបញ្ចេញមតិវែកញែករៀងៗខ្លួនផងដែរ៕