ក្រុមគ្រួសារ Coco Lee ត្រូវអ្នកកាសែតចោមរោមសួរនាំរឿងទ្រព្យសម្បត្តិ ពេលចូលរួមពិធីបុណ្យស.ព
ពិធីបុណ្យសពរបស់តារាចម្រៀងចិនកាត់អាមេរិក Coco Lee ត្រូវបានរៀបចំធ្វើឡើងតាមប្រពៃណីនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣ នៅក្នុងទីក្រុងហុងកុង ប្រទេសចិន ក្រោយពីនាងបានទទួលមរណភាពកាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៣ បន្ទាប់ពីនាងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល ៣ ថ្ងៃ ដោយសារអារ-កដៃខ្លួនឯងនៅក្នុងបន្ទប់ទឹក។
ខណៈបង្ហាញខ្លួនចូលរួមក្នុងពិធីបុណ្យសពរបស់ Coco Lee ឃើញថាក្រុមគ្រួសាររបស់នាង បានស្លៀកក្នុងឈុតសម្លៀកបំពាក់សាមញ្ញ ប៉ុន្តែបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកកាសែតជុំវិញនោះ តាមចោមរោមចង់ដឹងតាមសុំផ្តល់បទសម្ភាសបងប្អូនស្រីរបស់ Coco Lee ជាច្រើន។
ទោះជាយ៉ាងណា នៅក្នុងពិធីបុណ្យសពរបស់តារាស្រីវ័យ ៤៨ឆ្នាំ រូបនេះ ភាគច្រើនសំណួរដែលបានសួរទៅកាន់ Nancy Lee និង Carol Lee គឺទាក់ទងនឹងជីវិតឯកជន និង ទ្រព្យសម្បត្តិរបស់ Coco Lee ថាតើ អ្នកណាជាអ្នកកាន់កាប់ទ្រព្យសម្បត្តិរបស់នាង។
ក្នុងនោះ អ្វីដែល Nancy បាននិយាយទៅកាន់អ្នកសារព័ត៌មាននោះគឺ នាងមិនមានអ្វីត្រូវនិយាយទេ បន្ទាប់ពីមានព័ត៌មានចុះផ្សាយមួយចំនួនបានលើកឡើងថា អ្នកជំនួញជនជាតិកាណាដាជាអតីតស្វាមីរបស់ Coco បានជួលមេធាវីដើម្បីឱ្យឈ្នះក្តីលើការកាន់កាប់ទ្រព្យសម្បត្តិ។
ប៉ុន្តែយ៉ាងណាក៏ដោយ លោក Bruce Rockowitz ក៏បានបំភ្លឺហើយ ក្រោយពីមានព័ត៌មានបានចុះផ្សាយទាក់ទងនឹងទ្រព្យសម្បត្តិអតីតភរិយា ដោយលោកមិនមានបំណងចង់បានទ្រព្យសម្បត្តិ ១២៨ លានដុល្លារអាមេរិក ដែលនាងបានទុកឱ្យម្ដាយ និង បងប្អូនស្រីទាំងពីរនោះទេ៕