ធ្លាប់តែរស់នៅលើគំនរទ្រព្យ តែពេលនេះ Bitoey ប្រែជាស្គមស្គាំងស្បែកខ្មៅនៅក្នុងគុកគួរឱ្យសង្វេគ
កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីថៃល្បីឈ្មោះ Bitoey Rsiam និង ស្វាមីត្រូវបានតុលាការសម្រេចមិនអនុញ្ញាតឱ្យធានាខ្លួននៅក្រៅឃុំបណ្ដោះអាសន្នឡើយ ដោយតុលាការបានបញ្ជូនប្តីប្រពន្ធមួយគូនេះឱ្យចូលពន្ធនាគារភ្លាមៗដើម្បីរង់ចាំការដោះស្រាយទៅតាមនីតិវិធីបន្តក្នុងរឿងក្តី Forex-3D។
ខណៈនេះតារាស្រី Biteoy កំពុងតែស្ថិតក្នុងពន្ធនាគារ ដែលនាំឱ្យកូនស្រីបណ្ដូលចិត្តនាងត្រូវរស់ពឹងអាស្រ័យនឹងជីដូនសិនទម្រាំរឿងក្តីបញ្ចប់។ ដោយឡែក កាលពីពេលថ្មីៗនេះ ស្រាប់តែអ្នកសារព័ត៌មានតារាថៃល្បីមួយឈ្មោះថា Tim Tv Pool បានចេញមកទម្លាយពីស្ថានភាពរបស់តារាស្រី Bitoey ថា ខណៈនេះតារាស្រីរូបនេះត្រូវបានកាត់សក់ខ្លី ស្គមស្គាំង រីឯស្បែកវិញខ្មៅស្រអាប់ពុំភ្លឺថ្លានោះទេ។
លើសពីនោះ Tim Tv Pool បានបន្តថា តារាស្រី Bitoey មានទុកឥតឧបមា ជារៀងរាល់ថ្ងៃតារាស្រីរូបនេះតែងតែសូត្រមន្ត អង្គុយសម្មាធិ ដើម្បីឱ្យផ្លូវចិត្តប្រសើរឡើង។ ងាកទៅមើល មហាជនវិញ ក្រោយពីបានដឹងពីស្ថានភាពតារាស្រី Bitoey បែបនេះ អ្នកគាំទ្រជាច្រើនហាក់សង្វេគចិត្ត ព្រោះថា Bitoey ធ្លាប់តែជាតារាល្បីរស់នៅលើគំនរទ្រព្យស្តុកស្តម្ភតែមិននឹកស្មានត្រូវជួបរឿងគុកច្រវាក់បែបនេះឡើយ៕