ក្នាញ់ពេក! កៅ សីហា ពន្លះទាំងយប់យ៉ាងក្តៅគគុក រឿងអ្នកនិយាយពាក្យ «បងអូន» និង «បែបថៃ»
កាលពីពេលថ្មីៗកន្លងទៅ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកតាមដានអ្នកនិពន្ធ និង ដឹកនាំល្បីឈ្មោះលោក កៅ សីហា មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហោះសារដៀលចំៗដល់ Influencer មួយចំនួនក្នុងការប្រើប្រាស់ភាសាខ្មែរមិនបានត្រឹមត្រូវ ដែលចូលចិត្តប្រើពាក្យដដែលៗដូចជា «ជាមួយនឹង» «ធ្វើការ» ជាដើម។
យ៉ាងណាមិញ ស្រាប់តែនៅយប់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ អ្នកដឹកនាំដ៏ល្បីរូបនេះក៏ហាក់មានការទើសចិត្តនឹងការប្រើពាក្យ «បងអូន» ព្រមទាំងពាក្យ «បែបថៃ» ដែលអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនកំពុងផ្អើលសរសេរដូចៗគ្នា រហូតធ្វើឱ្យលោកបង្ហោះសារទាំងយប់ពន្លះផាំងៗមិនសំចៃមាត់។
ក្នុងសារនោះ លោក កៅ សីហា បាននិយាយថា ៖ «ខណៈនេះ កាំជា (កម្ពុជា) កំពុងពេញនិយមជំងឺឆ្កួតនិយមលើពាក្យ បែបថៃ ហើយនឹងពាក្យ បងអូន! ហើយបើនិយាយ បងប្អូន ទៅវាថី? យូរៗមកចង់ធ្វើបដិវត្តពាក្យខ្មែរដោយឯកឯង សេរីទំនើងខុសបែប ខុសវេយ្យាករណ៍ សូម្បីការប្រើពាក្យពេជន៍ឱ្យត្រូវតាមបែបផែនរបស់ជាតិសាសន៍ខ្លួនឯង។ អាពាក្យ បងអូនហ្នឹងវាជាសំនៀងជនបរទេស (យួន) ដែលចេះនិយាយភាសាខ្មែរ ហើយអណ្ដាតវាគ្រលាស់មិនបាននូវតួអក្សរ ដែលមានពាក្យព្យញ្ជានៈត្រួតជើងមិនបានដូចម្ចាស់ដើមទេតើ! ទើបជនចំណាកស្រុក ដែលជាជាតិសាសន៍ភូមិផងរបងក្បែរខាងទាំងនោះ និយាយ បងអូនៗ ឱ្យស្រួល និង រត់មាត់របស់ពួកគេក្នុងការសន្ទនាជាមួយម្ចាស់ស្រុក។ ហើយបែរមកសម័យឥឡូវ ខ្លួនជាម្ចាស់ស្រុក ម្ចាស់ភាសា បែរជាទទួលព្រមនូវការជះឥទ្ធិពលនៃការប្រើប្រាស់ភាសារបស់ខ្លួនពីជនបរទេសបែបនេះទៅវិញ។
អូសឃ្លីបរបស់ អ្នកល្បីៗក្នុងរបរអនឡាញស្រុកខ្មែរមក ចេញតែក្បាលវីដេអូ ឮ ពាក្យថា សួស្ដីបងអូន ចង់តែសំ-ពងឱ្យបែកមាត់ ថក្នាញ់នុះក្នាញ់! ហើយប្រឹងជោរតាមគ្នាអស់ហើយ ជោរអស់ទាំងមិនដឹងថា ខ្លួនកំពុងអូសទាញឱ្យអ្នកទស្សនាចូលរួមធ្វើបដិវត្តពាក្យរបស់ខ្មែរខ្លួនឯងយ៉ាងគគ្លើន និង ត្រេកត្រអាលថាខ្លួនស៊ីវិល័យឈានមុខក្នុងការប្រើពាក្យខុសទាំងនេះ។ សុំទៅចុះ ឈប់បាន ឈប់ទៅ ទាំងអ្នកល្បី សេដ្ឋីវាល់លានអីក៏ដោយ ឈប់នាំគ្នានិយាយថា សួស្ដីបងអូន នឹងទៅណា! ចូលរួមការពារ លើកស្ទួយអក្សរសាស្រ្តជាតិយើងឱ្យគង់វង្ស។ សូមរាជបណ្ឌិតសភាកម្ពុជា មេត្តា បញ្ចេញឥទ្ធិពលរបស់ខ្លួនមកសាយភាយគ្របដណ្ដប់ ក្រុមអ្នកអធិប្បាយ voice over លើវីដេអូរបស់អ្នក online ទាំងនោះផង! បើនៅតែបន្ត សោកនាដកម្មនៃការប្រើប្រាសភាសាខ្មែរអាចនឹងកើតឡើង»៕