គួរឱ្យសរសើរ! ស្ងាត់ៗ ជី ដេវីដ ទៅសំងំរៀនវិជ្ជាភាសាបាលី-សំស្ក្រឹត នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត
មហាជននិយមតាមដានគាំទ្រស្នាដៃរបស់តារាចម្រៀងរ៉េប ជី ដេវីដ ច្បាស់ជាបានជ្រាបហើយថា មួយរយៈចុងក្រោយនេះលោកបានផលិតបទចម្រៀងថ្មីជាបន្តបន្ទាប់។ ក្នុងនោះ បទចម្រៀងមួយចំនួន ជី ដេវីដ ក៏បានសរសេររៀបរាប់ពីប្រវត្តិសាស្ត្ររបស់កម្ពុជា ព្រមទាំងមានការបង្ហាញចំណងជើងជាភាសាសំស្ក្រឹតថែមទៀតផង។
ស្របពេលប្រជាប្រិយភាពនៅតែបន្តកើនឡើង ស្រាប់តែថ្មីៗនេះក៏បានបែកធ្លាយរូបភាព និង ដំណឹងថា ប៉ាៗវ័យក្មេងរូបនេះកំពុងតែសិក្សាថ្នាក់ភាសាសំស្ក្រឹតមូលដ្ឋាន ក្នុងវគ្គបណ្ដុះបណ្តាលជំនាញភាសាបាលី ទីចាត់ការកិច្ចការបាលី នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
យោងតាមការបង្ហោះលើផេកផ្លូវការរបស់ ទីចាត់ការកិច្ចការបាលី នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានបង្ហោះរូបភាព និង សំណេរថា ៖ «សូមស្វាគមន៍សិស្សថ្មី ថ្នាក់ភាសាសំស្ក្រឹតមូលដ្ឋាន បង្រៀនដោយព្រះបាលិកោសល បណ្ឌិត សែម ឈុនលី ក្នុងវគ្គបណ្ដុះបណ្តាលជំនាញភាសាបាលី ទីចាត់ការកិច្ចការបាលី នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។ នេះជាគម្រូដ៏ល្អសម្រាប់យុវជនយើង»៕