សំងំសាងគ្រួសារច្រើនឆ្នាំ អ៊ុំ សុវណ្ណគីរី ទើបបង្ហាញមុខកូនស្រីដ៏សែនឆ្លាត មានដុងសិល្បៈកាត់តាមឪពុកតាំងពីអាយុ ៣ ឆ្នាំ
បើនិយាយពីតារាសម្តែង លោក អ៊ុំ សុវណ្ណគីរី មហាជនអ្នកនិយមតាមដានខ្សែភាពយន្តប្រចាំស្ថានីយទូរទស្សន៍នានា ច្បាស់ជាបានដឹងមកហើយពីទេពកោលស្យរបស់លោក ដោយបច្ចុប្បន្នតារាប្រុសរូបនេះត្រូវបានចាត់ទុកជាតារាសម្តែងជួរមុខមួយរូបផងដែរ។
ងាកទៅកាន់ជីវិតឯកជនវិញនោះ ក៏មានមហាជនមួយចំនួនបានជ្រាបហើយថា តារាសម្តែង អ៊ុំ សុវណ្ណគីរី គឺជាក្មួយប្រុសរបស់តារាភាពយន្តជើងចាស់លោកស្រី អ៊ុំ សុវណ្ណនី ដែលមានឈ្មោះល្បីល្បាញកាលពីអំឡុងជំនាន់ឆ្នាំ ៩០។
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្រលោក អ៊ុំ សុវណ្ណគីរី ហាក់មានការភ្ញាក់ផ្អើលបន្តិច ក្រោយពីលោកបានបង្ហោះរូប និង វីដេអូជាបន្តបន្ទាប់របស់ក្មេងស្រីតូចគួរឱ្យស្រឡាញ់ម្នាក់ឈ្មោះថា «អ៊ុំ អេលលី» ដែលជាកូនស្រីបង្កើតរបស់លោក។
ជាការពិតណាស់ កន្លងមកលោក អ៊ុំ សុវណ្ណគីរី មិនដែលបង្ហើបជាសាធារណៈពីរឿងរ៉ាវបេះដូងដល់មហាជននោះទេ ពោលគឺមានតែមិត្តភក្តិទាំងក្នុង និង ក្រៅសិល្បៈបានដឹងថា លោក អ៊ុំ សុវណ្ណគីរី មានភរិយា និង មានកូនស្រីរួចហើយ។ ជាងនេះទៅទៀត លោក អ៊ុំ សុវណ្ណគីរី ក៏មិនលាក់លៀមនោះដែរ ដោយពេលនេះលោកបានបង្ហាញមុខកូនស្រីជារឿយៗក្នុងកម្មវិធីនានា។
មិនត្រឹមតែប៉ុណ្ណោះ បើនិយាយពីកូនស្រីរបស់លោក អ៊ុំ សុវណ្ណគីរី គឺនាងតូច អេលលី មានអាយុទើបតែ ៣ ឆ្នាំពិតមែន តែនាងតូចមានសមត្ថភាព និង ដុងផ្នែកសិល្បៈមិនចាញ់លោកប៉ានោះដែរ ដោយកន្លងមក អេលលី បានថតផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ៕