ញាក់សាច់! ដាដាវ លេងស្ទីលថ្មីរំលេចសម្រស់ស្អាត តែបែបកាចៗ កំពុងឆក់បានការចាប់អារម្មណ៍
បើទោះជាបានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលប្រមាណ ៧ ឆ្នាំក៏ពិតមែន ប៉ុន្តែតារាសម្តែងយុវវ័យស្រស់ស្អាត កញ្ញា ដា ដាវ ក៏ហាក់ទើបតែឆក់បានប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ នៅរយៈពេលប្រមាណជា ៤ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ តារាស្រីវ័យ ២៧ ដា ដាវ ត្រូវបានអ្នកគាំទ្រចាប់ផ្តើមស្គាល់ច្បាស់ នៅពេលនាងបានបោះជំហានក្នុងការសម្តែងរឿងភាគខ្លី «The High School Love» ដោយមានការចូលរួមសម្តែងដោយ ហៃ ប៉ាវហុង ចែឡេង និង វី យ៉ារ៉ូ ជាដើម។
ជាការពិតណាស់ តារាស្រី ដា ដាវ ត្រូវបានឆក់យកប្រជាប្រិយភាព និង ក្តោបតំណែងក្លាយជាតារាបង្ហាញម៉ូដ និង ទូតសុឆន្ទៈឱ្យផលិតផល ព្រមទាំងក្រុមហ៊ុនជាច្រើន ក៏ព្រោះតែទេពកោសល្យ ចំណេះដឹង ជាពិសេសគឺសម្រស់ និង ការតុបតែងខ្លួនយ៉ាងស៊ីវីល័យរបស់នាងតែម្តង។
ជារឿយៗ រូបភាពរបស់តារាស្រីរូបនេះ រាល់ពេលដែលផុសម្តងៗនៅលើបណ្តាញសង្គមហ្វេសប៊ុក និង IG របស់ខ្លួន តែងទទួលបានការចូលទៅចុច Like និង Share ខ្ទង់រាប់ពាន់នាក់។ ជាក់ស្តែងថ្មីៗនេះ ដា ដាវ បានបង្ហោះរូបភាពចុងក្រោយរបស់ខ្លួនបង្ហាញស្ទីលថ្មីយ៉ាង Fashion ទទួលបានការសរសើរយ៉ាងខ្លាំង ដល់តារាស្រីចង្កេះមួយក្តាប់នេះ៕