រំភើបចិត្តជំនួស! ឯកឧត្តម ខៀវ កាញារីទ្ធ ជួបសឿ សុធារ៉ា ជាថ្មី ដើម្បីផ្តល់ថវិកា និង ម៉ូតូ ទុកឱ្យកូនទៅរៀន
កាលពីពេលកន្លងមក មហាជននិយមតានដានជីវិតឯកជនរបស់តារាស្រី សឿ សុធារ៉ា ច្បាស់ជាបានដឹងមកហើយពីខ្សែជីវិតដ៏កម្សត់របស់អ្នកនាង ដែលបានជួបនូវរឿងរ៉ាវលំបាកជាច្រើនទាំងខ្លួនមានជំងឺ និង មានជីវភាពខ្វះខាតផងនោះ ។ យ៉ាងណា មកទល់ពេលនេះ បើទោះជាជីវភាពមិនទាន់ប្រសើរឡើងដូចមុន តែអ្នកនាង សឿ សុធារ៉ា ហាក់ធូរស្រាលន្តិច ក្រោយពីអ្នកនាង បានចូលប្រឡូកក្នុងវិស័យសិល្បៈជាថ្មីទាំងម្តាយ និង កូនស្រីច្បង ដែលអាចរកប្រាក់ចំណូលបានខ្លះ។
លើសពីនោះ អ្នកនាង សឿ សុធារ៉ា ក៏ត្រូវបានមិត្តក្នុង និង ក្រៅសិល្បៈ ព្រមទាំងសប្បុរសជនជាច្រើនបានជួយផ្តល់ជាថវិកាដល់រូបនាងខ្លះដែរ។
ដោយឡែកថ្មីៗនេះ ក្រោយមើលឃើញពីស្ថានភាពសុខភាព និង ជីវភាពរបស់អ្នកនាង សឿ សុធារ៉ា កន្លងមក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ ក៏បានទិញផ្ទះមួយខ្នងប្រគល់ឱ្យតារាសម្ដែង សឿ សុធារ៉ា ដែលមានបញ្ហាដុនដាបគ្មានទីពំនាក់របស់នាង ដើម្បីមានទ្រនំកក់ក្ដៅមួយអាចរស់នៅជួបជុំកូនៗទាំងពីរ។
ជាងនេះទៅទៀត អ្វីដែលកាន់តែធ្វើឱ្យមហាជនរំភើបចិត្តជួសដល់អ្នកនាង សឿ សុធារ៉ា និង កូនៗទៀត ដោយថ្មីៗនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបអ្នកនាង សឿ សុធារ៉ា និង កូនៗ ជាថ្មី ដោយផ្តល់ជូនថវិកា និង ម៉ូតូ មួយ សំរាប់កូនៗអ្នកនាងជិះទៅរៀន៕