រំភើប! មហាជន ៥០០ នាក់ រត់ជាមួយ សាយ ជាសក្ខីភាពអបអរខួបទី ១៥ ប្រាសាទព្រះវិហារចូលបញ្ជីបេតិកភណ្ឌពិភពលោក
បន្ទាប់ពីបានរៀបចំគម្រោងអស់រយៈពេលជាច្រើនខែ កម្មវិធី Preah Vihear Temple Run បានដំណើរការ និង បញ្ចប់ទៅដោយរលូនហើយកាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ។ ក្នុងនោះដែរ កម្មវិធី Preah Vihear Temple Run ដែលរៀបចំដោយតារាចម្រៀងលោក សាយ ធ្វើឡើងដើម្បីអបអរសាទរខួបទី ១៥ នៃការដាក់បញ្ជូលប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ក្រោយពីការរត់ឡើងប្រាសាទព្រះវិហារ ដែលមានរយៈចម្ងាយ ៧០០ ម៉ែត្រ និង ៧ គីឡូម៉ែត្រ ដើម្បីជាសក្ខីភាពនៃការដាក់បញ្ជូលប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយនោះ លោក សាយ ក៏បានឱ្យដឹងថា ការរត់ឡើងប្រាសាទព្រះវិហារកន្លងទៅ គឺមានការចូលរួមពីមហាជនប្រមាណ ៥០០ នាក់។
លោក សាយ ស្ថាបនិកកម្មវិធី «Run With Sai» និង ជាអ្នកផ្តួចផ្តើមកម្មវិធី «Preah Vihear Temple Run» បានរៀបរាប់ថា ៖ «ខ្ញុំបាទ សាយ សូមអរគុណ ដល់អ្នកចូលរួមប្រមាណជាង ៥០០ នាក់ ដែលបានរត់ក្នុងព្រឹត្តិការណ៍អបអរសាទរខួបអនុស្សាវរីយ៍ ១៥ ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៧ កក្កដា ២០០៨-០៧ កក្កដា ២០២៣ កាលពីព្រឹកមិញនេះ។ វាពិតជាអស្ចារ្យ និង វិសេសវិសាល ដែលអ្នកទាំងអស់គ្នាបានចូលរួមជាសក្ខីភាពក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ ខ្ញុំបាទ សូមអរគុណជាពិសេសដល់ ក្រុមសិល្បករ សិល្បការិនីទាំងសម័យ និង បុរាណ ក្រុមការងារយុវជន ស្ម័គ្រចិត្ត សសយក ក្រុមការងារ RUN WITH SAI ទាំងអស់ ដែលបានខិតខំជួយគ្នាដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន»៕