ខ្ជិលទុកទៀត លីម តិចម៉េង ពួយមួយរយៗទៅមិត្តខ្លះ រាប់អានតែពេលល្បី ហើយមួយៗឈែតមករកតែខ្ចីលុយ
កន្លងមកមហាជនអ្នកគាំទ្រម្ចាស់ជ័យលាភី Cambodia Idol រដូវទី ៤ លោក លីម តិចម៉េង មិនត្រឹមតែគាំទ្រតាមដានពីការងារសិល្បៈរបស់លោកទេ សូម្បីតែជីវិតឯកជនរបស់លោក ក៏អ្នកគាំទ្ររមែងចង់ដឹងខ្លាំងណាស់ដែរ។
ជាក់ស្តែង នៅរសៀលថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៣ នេះ Idol តូចរូបនេះ បានបង្ហោះសារមួយយ៉ាងវែងអន្លាយរៀបរាប់ពីរឿងផ្ទាល់ខ្លួនពាក់ព័ន្ធនឹងការរាប់អានគ្នា កាលពីមិនទាន់ក្លាយជាតារាចម្រៀងល្បីនិយាយរកគេ ១០ ម៉ាត់ គេឆ្លើយ ១ ម៉ាត់ ហើយរហូតដល់ពេលមានឈ្មោះបោះសំឡេងគេឈែតមកខ្ចីលុយហូរហែ។
លោក លីម តិចម៉េង បានរៀបរាប់ថា ៖ «អធ្យាស្រ័យបងប្អូនទាំងអស់គ្នា សុំនិយាយត្រង់ៗហើយព្រោះច្រើនពេក។ កាលមិនទាន់ប្រឡង ពេលមានទុក្ខគ្មានអ្នកណាខ្វល់ និយាយជាមួយគេ ១០ ម៉ាត់ គេឆ្លើយតប ១ ម៉ាត់ ពេលខ្លះមិននិយាយជាមួយផង។ មិត្តខ្លះនឹកឈែតទៅសួរសុខទុក្ខ មិនទាន់ទាំងនិយាយអីផង វាប្រាប់យើងមុនទៅហើយថា កុំខ្ចីលុយណា! អញគ្មានលុយឱ្យខ្ចីទេ។ ដល់ពេលនេះ មិត្តខ្លះ មនុស្សខ្លះ ឈែតមក call មក និយាយមិនទាន់បានប៉ុន្មានផង សុំខ្ចី 100$ 200$ យើងអត់ យើងមិនឱ្យ ប្រាប់ហេតុផលបែរជាមកថាយើង (មិនដូចមុន គេតារា គេឡើងកូដ) ចង់និយាយថា ខ្ញុំមិនមែនជាធនាគារទេ ការងារខ្ញុំខំណាស់ ហើយសូម្បីតែខ្លួនឯងផ្ទាល់មិនទាន់ទាំងសល់អ្វីផង។ គ្រួសារក៏មិនទាន់បានជួយអ្វីឱ្យបានស័ក្តិសមក្នុងនាមជាកូនផង! សូមបងប្អូន មិត្តៗចាស់ទាំងអស់ ដែលបានគិតអវិជ្ជមានលើខ្ញុំ យកទៅគិតឱ្យបានច្បាស់ ហើយចង់ប្រាប់ថាខ្ញុំ គឺខ្ញុំ ខ្ញុំគឺ លីម តិចម៉េង គឺជាអតីតក្មេងគង្វាលគោម្នាក់! មួយជីវិតនេះ មិនផ្លាស់ប្តូជារាងរហូត។ សូមអរគុណ សូមជម្រាបលា»៕