ពេញក្នាញ់! អូន Albert គ្រាប់ពេជ្រដំបូងរបស់ ជី ដេវីត និង ទេព បូព្រឹក្ស មុខពេញបឹបៗ ឃ្យូដខ្លាំងគួរឱ្យក្នាញ់
មកដល់ពេលនេះ តំណក់ឈាមកូនប្រុសដំបូងរបស់តារាចម្រៀងស្រី ទេព បូព្រឹក្ស និង លោក ជី ដេវីត មានឈ្មោះថា ទេព បញ្ចវរាប ហៅ Albert មានអាយុជិតកន្លះខួបហើយ ក្រោយសម្រាលឃើញពន្លឺព្រះអាទិត្យកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ។
ពេលនេះដែរ Albert កូនប្រុសបណ្ដូលចិត្តរបស់តារាចម្រៀងប្រុសស្រីមួយគូនេះ មានអាយុជាង ៥ ខែ កាន់តែគួរឱ្យក្នាញ់ឡើងៗ សាច់ទ្រលុកទ្រលន់ មុខមាត់ឡើងក្រឡង់ៗ ដោយសារតែទទួលបានការមើលថែថ្នាក់ថ្នមយ៉ាងកក់ក្ដៅពីប៉ា និង ម៉ាក់ ព្រមទាំងអ្នកជុំវិញខ្លួនរបស់ពួកគេ។
ដោយឡែក ថ្មីៗនេះ តារាស្រីរូបនេះបានបង្ហោះវីដេអូប្រឡែងលេងជាមួយអូន Albert ពោរពេញដោយក្ដីសុខពិតៗចេញពីបេះដូងតែម្ដង។ មិនតែប៉ុណ្ណោះ ក្រឡេកទៅមើលអូនតូច Albert ឯណោះវិញ គ្រាន់តែអ្នកម៉ាក់ប្រឡែងលេងជាមួយតែប៉ុណ្ណេះ គេសើចលេងយ៉ាងអរកខិបកខុប ធ្វើឱ្យមុខមាត់ដ៏ឃ្យូដរបស់គេកាន់តែស្រស់គួរឱ្យគ្រឺតក្នាញ់ ភ្នែកក្រឡង់ៗគួរឱ្យស្រឡាញ់ជាខ្លាំង៕