នៅព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣ មហាជនជាច្រើនមានក្តីរន្ធត់ចិត្ត និង ចូលរួមរំលែកទុក្ខ ក្រោយពីទទួលបានដំណឹងលោកជំទាវ ម៉ិញ កុសនី អនុរដ្ឋលេខាធិកា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានទទួលមរណភាពដោយរោគាពាធក្នុងជន្មាយុ ៧៤ ឆ្នាំ។
ក្រោយទទួលដំណឹងដ៏ក្រៀមក្រំនេះ មហាជនជាច្រើនក៏មានការសោកស្តាយយ៉ាងខ្លាំងនៃការបាត់បង់បញ្ញវន្តមួយរូបនេះ ដែលជាបុគ្គលមានកេរ្តិ៍ឈ្មោះ សាងស្នាដៃជាច្រើនលើវិថីសិល្បៈ ដោយលោកជំទាវ គឺជាវីរៈសិល្បការិនី ដែលជាតួឯកផ្នែកតួអង្គនាង ប្រចាំព្រះបរមរាជវាំងទសវត្សរ៍ ៦០-៧០ សម័យសម្តេចព្រះមហាក្សត្រិយានី និងសម័យសាធារណៈរដ្ឋខ្មែរ ក៏ដូចជាក្នុងនាមជាអនុរដ្ឋលេខាធិកា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្នុងពេលកន្លងមកផងដែរ។
បើងាកទៅមើលជីវប្រវត្តិរូប លោកជំទាញ ម៉ិញ កុសនី វិញ លោកជំទាវ កើតនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ១៩៤៩ ដោយមានទីកន្លែងកំណើតនៅឃុំកំពង់ធំ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សម្រាប់ជីវប្រវត្តិនៃការសិក្សា បទពិសោធការងារ និង គ្រឿងឥស្សរិយយសរបស់លោកជំទាវ ម៉ិញ កុសនី ទទួលបានកាលពីលោកជំទាវនៅមានជីវិត បានចងក្រងឡើងដោយ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈដូចតទៅ៖
១. កម្រិត វប្បធម៌
– មធ្យមសិក្សាបត្រភាគ ១
– វិញ្ញាបនបត្រ មហាវិទ្យាល័យគរុកោសល្យរាជធានីភ្នំពេញ
– វិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ (រាជបណ្ឌិតសភាកម្ពុជា)
២. ប្រវត្តិ និងបទពិសោធការងារ
– ឆ្នាំ ១៩៦៨៖ គ្រូបង្ហាត់សិល្បៈ ការិយាល័យរបាំព្រះរាជទ្រព្យ នៅក្នុងព្រះបរមរាជវាំង
– ឆ្នាំ ១៩៧៥៖ គ្រូបង្ហាត់សិល្បៈ នៅការិយាល័យរបាំព្រះរាជទ្រព្យ
– ឆ្នាំ ១៩៧០៖ ជានាដការីឯក និងជាគ្រូបង្ហាត់ នៅក្នុងព្រះបរមរាជវាំង
– ឆ្នាំ ១៩៧៩៖ ប្រធានផ្នែករបាំក្បាច់បុរាណ និងជាសមាជិករណសិរ្ស ,
សមាជិកតាក់តែងច្បាប់រដ្ឋធម្មនុញ្ញ, ក្រសួងឃោសនាការវប្បធម៌ និងព័ត៌មាន
– ឆ្នាំ ១៩៨០៖ ប្រធានផ្នែករបាំបុរាណ នៃក្រសួងឃោសនាការវប្បធម៌ និងព័ត៌មាន
– ឆ្នាំ ១៩៩០៖ សាស្ត្រាចារ្យមហាវិទ្យាល័យនាដសាស្ត្រ
– ឆ្នាំ ១៩៩៨៖ ជំនួយការជូនរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
– ឆ្នាំ ១៩៩៩៖ អគ្គនាយករងបច្ចេកទេស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
– ឆ្នាំ ២០០៨៖ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
៣. គ្រឿងឥស្សរិយយស
– គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ ធិបឌិន្ទ
– គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ សេនា
– គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ អស្សឬទ្ធិ
– គ្រឿងឥស្សរិយយស ការងារ ថ្នាក់ មេដាយមាស
– គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ សេនា ពីព្រះករុណានរោត្តមសីហនុ
– គ្រឿងឥស្សរិយយស ព្រះរាជសង្ហា មានព្រះឆាយាល័ក្ខសម្ដេចមុនីនាថសីហនុ៕
រូបភាព៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ