កូនមាសកូនពេជ្រ! អាយុទើប ៦ ឆ្នាំ កូនស្រី គង់ សុជាតិ រៀនពូកែណាស់ ដណ្តើមជ័យលាភីលេខ ១ ជូនប៉ាម៉ាក់
ភ្លេចៗត្រចៀកម្ងៃនោះសោះ កូនស្រីពៅដែលជាតំណក់ឈាមរួមគ្នារវាងពិធីការិនីដ៏ល្បីល្បាញ គង់ សុជាតិ និង លោក ជា វិបុល មានអាយុ ៦ ឆ្នាំហើយ ដោយនាងតូច ជា សុជាតិនារី ហៅ ដូរី ធំធាត់ឡើងប្រកបដោយភាពឆ្លាតវៃ ចរិតឭកពៀរក៏ក្រមិចក្រមើមគួរឱ្យស្រឡាញ់ខ្លាំងផងដែរ។
លើសពីនោះ នាងតូច ដូរី ត្រូវបានមហាជនចាប់ក្រសែភ្នែកសង្កេតឃើញថា នាងពិតជាមានសមត្ថភាព និង ដុងសិល្បៈមិនចាញ់ប៉ាម៉ាក់នោះឡើយ ដោយ ដូរី ធ្លាប់មានឱកាសបានបង្ហាញវត្តមាន ក្នុងការថតស្ប៉តផ្សាយពាណិជ្ជកម្ម តាំងពីអាយុជាង ១ ខួប មកម្ល៉េះ។ មិនត្រឹមតែប៉ុណ្ណោះ កន្លងមក នាងតូចក៏បានចូលរួមថតស្ប៉តពាណិជ្ជកម្មនានាជាច្រើនទៀត ជាមួយប៉ាម៉ាក់។
ងាកទៅកាន់ការសិក្សាវិញ កូនស្រីពៅរបស់អ្នកនាង គង់ សុជាតិ ដែលជាតំណក់ឈាមជាមួយនឹងលោក ជា វិបុល ក៏ត្រូវបានមហាជនសរសើរដូចគ្នាដែរ ក៏ព្រោះតែទើបវ័យ ៦ ឆ្នាំ ប៉ុណ្ណោះ នាងតូច ដូរី រៀនពូកែតាំងពីក្មេង។ ជាក់ស្តែង ថ្មីៗនេះ នាងតូច ដូរី ដណ្តើមជ័យលាភីលេខ ១ ជូនប៉ាម៉ាក់ រហូតអ្នកនាង គង់ សុជាតិ បានរៀបរាប់អារម្មណ៍ថា៖ «អបអរសាទរ ដល់ម្ចាស់ជ័យលាភីលេខ ១! កូនស្រីសម្លាញ់ចិត្ត ពិតជាគួរឱ្យសរសើរមែន។ សូមឱ្យកូន ជាក្មេងស្រីដែលពូកែបែបនេះជារៀងរហូត! ម៉ាក់ ពិតជាមានមោទកភាពចំពោះកូនស្រីរបស់ម៉ាក់ណាស់»៕