ដោះបំណុលគេជាងកន្លះលានដុល្លាររួចអស់ ប្ដីប្រពន្ធ ម៉ាដូណា រាសីកាន់តែឡើង ពេលនេះកវែកកឆ្នាំឡើងផ្ទះថ្មីយ៉ាងមានក្ដីសុខ
និយាយរឿងរ៉ាវឯកជនរបស់តារាប្រុស ម៉ាដូណា មហាជនបានជា្របហើយកាលពីអំឡុងឆ្នាំ ២០២១ កន្លងទៅ លោកបានផុងខ្លួនជាប់មានបំណុលរុំកោះពាក់ព័ន្ធនឹងលុយតុងទីនសរុបប្រមាណខ្ទង់ជិត ៦០ ម៉ឺនដុល្លារឯណោះ ដែលកូនរត់ចោលមិនព្រមបង់បន្ត ហើយលោកជាមេត្រូវទទួលខុសត្រូវសងជំនួសកូនៗផ្សេងទៀត។
ចាប់តាំងពីវ័ណ្ឌ-ករឿងបំណុលនេះមក ម៉ាដូណា ប្រឹងប្រែងរកលុយទាំងយប់ទាំងថ្ងៃដើម្បីដោះស្រាយបំណុល តែដោយសារលុយជំពាក់នោះច្រើនលើសពីសមត្ថភាពដែលលោកមានខ្លាំងពេក ទោះបីជាលោកបានយកទ្រព្យសម្បត្តិ ផ្ទះវីឡា ខុនដូរ ដី ឡាន គ្រឿងពេជ្រទៅលក់អស់ពីខ្លួនក៏នៅតែសងមិនគ្រប់។
យ៉ាងណាមិញ នៅពាក់កណ្ដាលឆ្នាំ ២០២២ កន្លងទៅ ខណៈពេលដែល ម៉ាដូណា និង គូស្នេហ៍ បានដឹកដៃគ្នារៀបការ អ្នកទាំងពីរក៏បានទម្លាយជុំវិញរឿងបំណុលនេះឱ្យដឹងថាពួកគេបានប្រឹងប្រែងចាប់ដៃគ្នាធ្វើការរកស៊ីរហូតអាចដោះបំណុលខ្ទង់កន្លះលាននេះរួចរាល់ហើយ ដែលមិនមានជំពាក់វ៉ាក់វិននឹងអ្នកណាទៀតឡើយ។
ដោយឡែក ថ្មីៗនេះ ប្ដីប្រពន្ធ ម៉ាដូណា កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ពីជីវិតឯកជនរបស់អ្នកទាំងពីរ ក្រោយពីបានសងបំណុលគេរួចអស់ហើយ អ្នកទាំងពីរកំពុងមានជីវិតធូរធារឡើងវិញ ដែលបានឃើញបង្ហោះរូបភាពរៀបចំពិធីឡើងផ្ទះថ្មីមួយ ដែលជាផ្ទះសម្រាប់សាងក្ដីសុខជាថ្មីក្នុងគ្រួសាររបស់លោកផងដែរ។
ក្នុងនោះ លោក ម៉ាដូណា បានបង្ហោះសាររៀបរាប់ភ្ជាប់ជាមួយរូបភាពថា ៖ «ជាថ្ងៃមួយដែលពួកខ្ញុំទាំង ២ ធ្វើបាន បំណុលដែលចេញសងគេជាង ៦០ ម៉ឺនដុល្លារលំបាកខ្លាំង ប៉ុន្តែពេលនេះពួកយើងក៏អាចធ្វើបាន វាល្មមដល់ពេលដែលពួកខ្ញុំសាងសេចក្ដីសុខជាមួយផ្ទះថ្មី និង អាជីវកម្មមួយបាន អរគុណចំពោះការមើលងាយ នៅពេលដែលពួកខ្ញុំធ្លាក់ដល់ចំណុចទាបរយៈពេលជិត ២ ឆ្នាំមកនេះ តែពេលនេះជាពេលដែលរីករាយបំផុតសម្រាប់ការតស៊ូររបស់ពួកខ្ញុំ សូមអរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលតែងតែផ្ដល់កម្លាំងចិត្ដដល់ពួកខ្ញុំទាំង ២ នាក់ សូមផ្ញើភាពរីករាយមួយនេះទៅដល់អ្នកគាំទ្រខ្ញុំទាំងអស់»៕