ទុក្ខផ្ទួនៗ ទើបតែចែកផ្លូវគ្នាជាមួយប្តីក្មេង ពេលនេះ Sunaree បាត់បង់បងស្រីជាទីស្រឡាញ់ទៀត
អស់រយៈពេល ១០ ឆ្នាំហើយដែលតារាចម្រៀង និង សម្ដែងជើងចាស់ថៃលោកស្រី Sunaree Ratchasima និង ស្វាមីបរទេស រួមរស់ជាប្តីប្រពន្ធនឹងគ្នា។ ក្នុងរយៈពេលដ៏មានអត្ថន័យនេះ គេឃើញថាតារាស្រីជើងចាស់រូបនេះរស់នៅយ៉ាងមានក្តីសុខ ព្រោះជារឿយៗគ្រួសារតារាគូនេះតែងបានបង្ហាញភាពផ្អែមល្ហែមឱ្យមហាជនបានឃើញពុំសូវជាដាច់ឡើយលើបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្តាក្រាម។
ជាការពិតណាស់ ធម្មតាជាតិនៃមនុស្សមានពេលជួបក៏ត្រូវមានពេលបែក តួយ៉ាងកាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅតារាចម្រៀងស្រីជើងចាស់វ័យ ៥៥ ឆ្នាំ រូបនេះបានចេញមកបង្ហោះសារបង្ហាញអារម្មណ៍ទាំងសោកសៅថា ពេលនេះទំនាក់ទំនងលោកស្រី និង ស្វាមីបរទេសវ័យជាង ២០ ឆ្នាំបានដើរដល់ទីបញ្ចប់ហើយ ពោលគឺអ្នកទាំងពីរបានលែងលះគ្នាដាច់ស្រេចហើយ។
ស្របពេលដែលជួបវិបត្តិត្រូវចែកផ្លូវគ្នាជាមួយស្វាមីហើយ តារាស្រីរូបនេះក៏ជួបទុក្ខធំផ្ទួនៗមួយទៀតគឺ លោកស្រីបាត់បង់បងស្រីជាទីស្រឡាញ់ចាកចេញទៅគ្មានថ្ងៃនឹងវិលត្រឡប់ទៀត ដែលនេះបានធ្វើឱ្យលោកស្រី Sunaree ពិបាកក្នុងការធ្វើចិត្តជាខ្លាំង។ យ៉ាងណាមិញ ងាកទៅមើលមហាជនវិញ ក្រោយឃើញតារាស្រីរូបនេះជួបរឿងផ្ទួនបែបនេះម្នាក់ៗបានផ្ញើសារលើកទឹកចិត្តដល់លោកស្រីព្រោងព្រាតពេញបណ្ដាញសង្គម៕