នារីៗបាន ស៊ឹម ច័ន្ទពន្លឺ ធ្វើគូជីវិតច្បាស់ជាសំណាង មិនត្រឹមច្រៀងពីរោះទេ ឯរឿងដាំស្លក៏ចំណាប់ដែរ
កំលោះសង្ហា Top4 នៃកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ លោក ស៊ឹម ច័ន្ទពន្លឺ កន្លងមកបានធ្វើឱ្យបេះដូងសុភាពនារីជាច្រើនជ្រួលច្របល់នូវរាងរូបខ្ពស់ស្រឡះ សាច់ហាប់ណែន ក៏ដូចជាមុខមាត់ស្នាមញញឹមមានមន្តស្នេហ៍របស់គេ។
ដូចប្រិយមិត្តអ្នកគាំទ្រកំលោះសង្ហារូបនេះបានជ្រាបហើយថា មុនក្លាយជា Top4 ក្នុងកម្មវិធីប្រឡងចម្រៀងដ៏ល្បីខាងលើ ស៊ឹម ច័ន្ទពន្លឺ មានជំនាញជាលោកគ្រូពេទ្យ ដែលបានរៀនចប់ពីប្រទេសវៀតណាម ហើយមិនថាសមត្ថភាព ចំណេះដឹង ទឹកដមសំឡេង និង រូបរាងសង្ហារបស់តារាចម្រៀងពន្លកថ្មីរូបនេះទេ គឺសុទ្ធតែទាញបានបេះដូងសុភាពនារីៗជាច្រើនឱ្យលង់ស្នេហ៍។
បើនិយាយដល់រឿងបេះដូង ស៊ឹម ច័ន្ទពន្លឺ តែងអះអាងថា បច្ចុប្បន្ននេះលោកមិនទាន់មានគូស្នេហ៍នៅឡើយទេ។ ដោយឡែកស្រាប់តែថ្មីៗនេះ ពន្លឺ បានបង្ហើប ទំនងដូចជាចង់បានគូជីវិតហើយ បន្ទាប់ពីលោកបានបង្ហាញសកម្មភាពចូលចង្ក្រានដាំបាយ ហើយបង្ហោះលើហ្វេសប៊ុកថា ៖ «ពេលខាងស្រីសួរ : បើចង់បានអូន… ប្រុសស្ងួនចេះដាំបាយទេ?? ខាងប្រុស : ចេះតើ .. ស្រឡាញ់បងទៅ.. បងដាំបាយឱ្យញ៉ាំ យកប្រពន្ធបានហើយខ្ញុំ»។
នេះមិនមែនលើកទី ១ ទេដែលលោកគ្រូពេទ្យរូបសង្ហា ស៊ឹម ច័ន្ទពន្លឺ បង្ហាញពីសកម្មភាពចូលចង្ក្រានដាំស្ល តែកន្លងមកក៏មានរូបភាព និង វីដេអូបង្ហាញថាលោកពូកែធ្វើម្ហូបដែរ៕