ឯកឧត្តម សៀង ណាំ ផ្ដល់ថវិកា ២០០០ ដុល្លារដល់ បឺត សំរេច ដោះស្រាយជីវភាព និង មើលថែម្ដាយឈឺ
ជឿជាក់ថា ប្រិយមិត្តដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និង Tiktok ប្រាកដជាបានជ្រាបខ្លះៗរួចមកហើយ ពីជីវប្រវត្តិត្រួសៗរបស់លោក ដែលអតីតកីឡាករប្រដាល់រូបនេះ បានទម្លាយថា លោកគឺជាតំណក់ឈាមម្នាក់របស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ជាមួយម្ដាយបង្កើតឈ្មោះ ធីម វិជ្ជរ៉ា។
បន្ទាប់ពីបានដឹងរឿងរ៉ាវមួយនេះ នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ ឯកឧត្តម សៀង ណាំ និង លោកជំទាវ បានអនុញ្ញាតឱ្យលោក បឺត សំរេច ចូលជួបសំណេះសំណាលនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយមើលឃើញពីភាពខ្វះខាតផ្នែកជីវភាពរបស់ បឺត សំរេច ថែមត្រូវមើលថែម្ដាយចិញ្ចឹមកំពុងមានជំងឺផងនោះ ឯកឧត្តម សៀង ណាំ ក៏បានផ្ដល់ថវិកាចំនួន ២០០០ ដុល្លារឱ្យលោកដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ។
យ៉ាងណាមិញ បើរំឭកឡើងវិញ ក្រោយពីលោក បឺត សំរេច អះអាងជាសាធារណៈនៅក្នុងកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» កាលពីពេលកន្លងមកថា លោកគឺជាកូនប្រុសរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត មក ឃើញថាមានមហាជនចំនួនទទួលស្គាល់ និង មួយចំនួនទៀតមិនទាន់ជឿជាក់មួយរយភាគរយនោះទេ ក្នុងនោះក៏មានការទាមទារឱ្យលោក បឺត សំរេច ធ្វើ DNA ដើម្បីបញ្ជាក់ការពិតទៀតផង។
យ៉ាងណាមិញ ការចេញមុខប្រកាសប្រាប់មហាជនថាលោកគឺជាកូនអធិរាជសំឡេងមាសនេះ លោក បឺត សំរេច មិនមានបំណងចង់ទាមទារអ្វីឡើយ គ្រាន់តែចង់បំពេញចំណងរបស់ម្ដាយចិញ្ចឹមដែលកំពុងឈឺប៉ុណ្ណោះ៕