ក្រោយជួបរឿងប៉ះពាល់ផ្លូវចិត្ត ណា សាឌី ទៅក្រៅប្រទេសដើរលេងរំសាយឱ្យអស់ទុក្ខកង្វល់
ពិតណាស់ នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ពិធីការិនីល្បីឈ្មោះ ណា សាឌី បានធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះចាប់អារម្មណ៍ភ្ញាក់ផ្អើល និង បង្ហាញក្ដីបារម្ភខ្លាំង ខណៈសុខៗឃើញនាងបង្ហោះសារទម្លាយពីអារម្មណ៍ និង ផ្លូវចិត្តរបស់ខ្លួនមួយរយៈនេះ ហាក់ទន់ខ្សោយខ្លាំង ព្រោះតែនាងបានបាត់បង់របស់សំខាន់ៗក្នុងជីវិតក្នុងមួយប៉ប្រិចភ្នែក។
ក្នុងនោះ ណា សាឌី បានបង្ហោះសារលើគណនីហ្វេសប៊ុករៀបរាប់ថា ៖ «ក្នុងមួយប៉ប្រិចភ្នែក សាឌី បានបាត់បង់របស់ដែលខ្ញុំស្រឡាញ់ លុយដែលខ្ញុំខំរក និង មនុស្សជំនិតរបស់ខ្ញុំបំផុត។ រឿងរ៉ាវដែលបានកើតឡើង កន្លងមកនេះធ្វើឱ្យផ្លូវចិត្តរបស់ខ្ញុំទន់ខ្សោយណាស់»។ លើសពីនេះ ណា សាឌី ក៏បានបង្ហោះបន្តទៀតថា ៖ «ប៉ុន្មានថ្ងៃទៀត ខ្ញុំនឹងផុសថាមានរឿងអ្វីកើតឡើងចំពោះ សាឌី សូមអ្នកទាំងអស់គ្នារង់ចាំមើលផង ហើយសូមនៅទីនេះផ្តល់កម្លាំងចិត្តឱ្យខ្ញុំផង»។
ក្រោយឃើញកញ្ញា ណា សាឌី បង្ហោះសារនេះឡើង មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនកំពុងចែករំលែក និង ចូលបញ្ចេញមតិសួរនាំចំពោះនាង ដែលជួយលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់នាងផងដែរ។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវដែលធ្វើឱ្យនាងរហូតឈឺចិត្តខ្លាំងស្ទើរតែកើតជំងឺផ្លូវចិត្តនេះ ណា សាឌី ក៏បានបង្ហោះសារទម្លាយប្រាប់ឱ្យមហាជនបានដឹងផងដែរ ដោយព្រោះតែនាងត្រូវបានមនុស្សជំនិតដែលខ្លួនទុកចិត្ត និង អាណិតស្រឡាញ់បានបំផ្លាញជីវិតនាងទាំងស្រុង។
ក្រោយពីជួបរឿងរ៉ាវដ៏ឈឺចិត្តនេះហើយ ថ្មីៗនេះ គេក៏បានឃើញតារាស្រី ណា សាឌី ធ្វើដំណើរកម្សាន្តទៅប្រទេសក្រៅ គឺប្រទេសឥណ្ឌូនេស៊ី ដែលនាងបានបង្ហោះរូបភាពជាបន្តបន្ទាប់ពីសកម្មភាពដើរលេងផ្ដិតរូបស្អាតៗរំសាយអារម្មណ៍យ៉ាងរីករាយស្រស់ស្រាយ៕