លែងមានឈ្មោះជាប្តីប្រពន្ធ តែ J Jetrin និង Pin នៅតែបំពេញតួនាទីជាឪពុកម្តាយល្អដល់កូនៗ
ដូចដែលប្រិយមិត្តបានជ្រាបហើយថា ពេលនេះកំពូលតារាចម្រៀងប្រុស J Jetrin Wattanasin និង តារាសម្ដែងស្រី Pin Kejmanee បានលែងលះគ្នាហើយ ក្រោយពីរួមរស់ជាមួយគ្នាអស់រយៈពេលជាង ២០ ឆ្នាំ។ ជាមួយនឹងការចែកផ្លូវគ្នានេះ មហាជនពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះមិននឹកស្មានថាគូស្វាមីដ៏ផ្អែមល្ហែមក្នុងរង្វង់សិល្បៈថៃមួយគូនេះ ត្រូវចែកផ្លូវគ្នាយ៉ាងផុយស្រួយបែបនេះឡើយ ហើយមហាជនក៏សោកស្តាយនូវទំនាក់ទំនងរបស់ពួកគេនេះដែរ។
ជាការពិត ទោះបីលោក J Jetrin និង Pin Kejmanee លែងលះគ្នាដាច់ស្រេចហើយក៏ដោយ ក៏អតីតស្វាមីភរិយាមួយគូនេះ នៅតែរាប់អានគ្នា និង បំពេញតួនាទីជាឪពុកម្តាយល្អសម្រាប់កូនៗដូចដើម។ តួយ៉ាងកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ តារាចម្រៀងប្រុស J Jetrin បានចេញបង្ហោះរូបភាពកូនប្រុសច្បង គឺ Jaonaay ក្នុងឱកាសខួបកំណើតគម្រប់ ២២ ឆ្នាំ ដោយបានជូនពរយ៉ាងមានន័យទៅកាន់កូនប្រុសបណ្ដូលចិត្ត។
ដោយឡែក ងាកទៅមើលតារាស្រី Pin ដែលជាម្តាយវិញ ខណៈឃើញអតីតស្វាមីចេញបង្ហោះរូបភាពជូនពរកូនប្រុសដូចនោះ នាងក៏បានចូលទៅបញ្ចេញមតិផងដែរថា ៖ «គួរឱ្យស្រឡាញ់ណាស់ ថែមទាំងកក់ក្តៅទៀត»។ លើសពីនោះ គេក៏ឃើញមហាជនអ្នកគាំទ្រផ្សេងទៀតបញ្ចេញមតិជូនពរដល់ Jaonaay ផងដែរ៕